ប្រមុខក្រសួងមហាផ្ទៃផ្ដល់ការណែនាំ និងរង់ចាំមើលការអនុវត្តច្បាប់ចរាចរណ៍ក្នុងចំណោមសិស្ស រថយន្តដឹកកម្មករ និងការល្មើសល្បឿន
AKP ភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥--
សិស្សធ្វើដំណើរទៅសាលារៀនដោយពុំពាក់មួកសុវត្ថិភាព រថយន្តដឹកកម្មករលើសចំនួនកំណត់ រថយន្តបើកបរលើសល្បឿនកំណត់ រថយន្តបើកវ៉ាជែង និងដឹកជញ្ជូនទំនិញលើសកំណត់ គឺជារបៀបវារៈដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កត់ធ្ងន់ក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានប្រារព្ធឡើងនៅខេត្តព្រៃវែង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។
សម្រាប់សិស្សធ្វើដំណើរទៅរៀនដោយមធ្យោបាយយានយន្តកង់ពីរ រួមទាំងម៉ូតូអគ្គិសនី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានព្រមានអំពីហានិភ័យនៃការមិនគោរពច្បាប់របស់សិស្សានុសិស្សក្នុងពេលធ្វើដំណើរទៅសាលារៀន ពោលគឺស្របពេលមេរៀនស្ដីពីការងារសុវត្ថិភាពចរាចរណ៍បានសម្រេចដាក់បញ្ជូលក្នុងកម្មវិធីសិក្សា ប៉ុន្តែសិស្សមួយចំនួនបែរជាមិនបានគោរពច្បាប់ចរាចរណ៍។


ទន្ទឹមនឹងការដើរផ្ទុយពីគោលការណ៍សុវត្ថិភាព និងគោលការណ៍ច្បាប់ ឯកឧត្តមបានចាត់ទុកការបណ្ដែតបណ្ដោយ និងការមិនគោរពច្បាប់ចរាចរណ៍ក្នុងចំណោមសិស្សានុសិស្ស ជាផ្នែកមួយនៃការបណ្ដុះវប្បធម៌មិនល្អទៅថ្ងៃមុខ ដ្បិតសិស្សទៅទទួលការអប់រំទាំងបំពានច្បាប់។
ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាបានណែនាំ និងបានបញ្ជាក់អំពីការរង់ចាំមើលការអនុវត្តរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមទាំងអធិការដ្ឋាន និងស្នងការដ្ឋាននគរបាលលើបញ្ហានេះ ដោយប្រមុខក្រសួងមហាផ្ទៃបានណែនាំឱ្យសិក្សាអនុវត្តការងារនេះឱ្យសកម្មជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីធានាថា សិស្សដែលធ្វើដំណើរទៅទទួលការអប់រំពិតជាបានគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព ដើម្បីការពារសុវត្ថិភាពពួកគេ និងជាការបង្ហាញអំពីគំរូនៃការចាប់ផ្ដើមគោរពច្បាប់ចាប់ពីពេលពួកគេទទួលបានការអប់រំ។

ដោយឡែកសម្រាប់សុវត្ថិភាពចរាចរណ៍របស់កម្មករ កម្មការនីដែលធ្វើដំណើរតាមមធ្យោបាយរថយន្តជាក្រុម និងដែលភាគច្រើនជារថយន្តដឹកកម្មករ កម្មការនីលើសចំនួនកំណត់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងមន្រ្តីនគរបាលចរាចរណ៍យកចិត្តទុកដាក់លើការសម្រួលសុវត្ថិភាពចរាចរណ៍ដល់រថយន្តដឹកកម្មករ កម្មការនីនាពេលព្រឹកព្រលឹម និងបន្តអប់រំណែនាំដល់អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករ កម្មការនី ពិសេសអ្នកបើកបរឱ្យគោរពច្បាប់ គិតគូលើសុវត្ថិភាព និងលក្ខណៈបច្ចេកទេសរថយន្ត ខណៈការវ៉ាជែង និងបើកបរលើសល្បឿន តែងតែជាមូលហេតុចម្បងនៃគ្រោះថ្នាក់។ សម្រាប់ករណីនៃការបើកបរលើសល្បឿនកំណត់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៅតែទទូចសូមឱ្យប្រជាពលរដ្ឋដែលរអ៊ូរទាំចំពោះការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបើកបរលើសល្បឿនកំណត់មេត្ដាគិតឡើងវិញថាតើមូលហេតុអ្វីបានជាសមត្ថកិច្ចធ្វើយ៉ាងដូច្នេះ។ បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី នគរបាលមិនមែនចង់បានថវិកាពីការផាកពិន័យនោះទេ ក៏ប៉ុន្តែដើម្បីសុវត្ថិភាពរបស់អ្នកដំណើរ ពោលគឺបើអ្នកបើកបរមិនល្មើសល្បឿន នគរបាលក៏គ្មានហេតុផលអនុវត្តច្បាប់ ហើយសាមីខ្លួនក៏មានសុវត្ថិភាព។

សូមបញ្ជាក់ថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានចុះត្រួតពិនិត្យរកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ដោយធ្វើការពិន័យសរុបចំនួន ២៥.០២៣គ្រឿង និងបានដកហូតស្លាកលេខយានយន្តមិនប្រក្រតីជាង ៧០គូ។ សមត្ថកិច្ចក៏បានត្រួតពិនិត្យជាតិអាល់កុលពេលយប់រកឃើញអ្នកបើកបរក្រោមឥទិ្ធពលស្រវឹងចំនួន ៤.៧១៦នាក់អនុវត្តតាមនីតិវិធី។ ក្នុងរយៈពេលដដែលនេះដែរមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៧៣០លើក បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ថយចុះ ៣០៤លើក។ គិតពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សចំនួន ៤៧៩នាក់ និងរបួស ១.០១១ នាក់ បើធៀបនឹងឆ្នាំ២០២៤ បានថយចុះចំនួន ៤២៨នាក់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





