អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃប៉ោយប៉ែត និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ
AKPបន្ទាយមានជ័យ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ --
ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកម្ពុជា-ថៃ ក៏ដូចជាបានសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ព្រំដែនខាងលើ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្ដោយព្រំដែន។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពតាមបណ្ដោយព្រំដែន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។ ឯកឧត្តមបានថ្លែងថា"ព្រំដែនយើងត្រូវតែមានសន្តិសុខល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសន្តិភាពនេះឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍខេត្ត និងប្រទេសជាតិទាំងមូល"។


ឯកឧត្តមក៏បានលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋ រាយការណ៍ជាបន្ទាន់នូវរាល់ករណីមិនប្រក្រតីណាមួយ ដែលអាចប៉ះពាល់ដល់សន្តិសុខតាមបន្ទាត់ព្រំដែន ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ឯកឧត្តមបានបន្ថែមថា "រដ្ឋបាលខេត្តនឹងបន្តខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការងារសេដ្ឋកិច្ច ការអប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង"។
បច្ចុប្បន្ន សភាពការណ៍នៅច្រកអន្តរជាតិប៉ោយប៉ែត គឺមានភាពល្អប្រសើរ ប្រកបដោយសន្តិសុខ និងសណ្ដាប់ធ្នាប់ល្អដោយពេលព្រឹកខាងភាគីថៃបើកម៉ោង៨ឯខាងកម្ពុជាបើកម៉ោង៩ពេលល្ងាចបិទម៉ោង៤។ ទោះជាយ៉ាងនេះក្តី កងកម្លាំងយោធាថៃបានសម្រេចបិទច្រកតំបន់ របៀងជាមួយកម្ពុជាដោយឯកតោភាគី ដែលមានទីតាំងក្នុងខេត្តបន្ទាយមានជ័យ។


សកម្មភាពពាណិជ្ជកម្មឆ្លងដែន ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតែប្រព្រឹត្តទៅជាធម្មតា។ អាជ្ញាធរពាក់ព័ន្ធទាំងសងខាង បានបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីសម្របសម្រួលរាល់នីតិវិធីនៃការឆ្លងកាត់ព្រំដែន ព្រមទាំងទប់ស្កាត់បទល្មើសផ្សេងៗដូចជាការជួញដូរគ្រឿងញៀន ការរត់ពន្ធទំនិញខុសច្បាប់ និងការឆ្លងដែនខុសច្បាប់ជាដើម។


ការចុះពិនិត្យ និងសំណេះសំណាលរបស់ឯកឧត្តម អ៊ុ រាត្រី នាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ចំពោះសុខុមាលភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយព្រំដែន ក៏ដូចជាការប្ដេជ្ញាចិត្តក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនជាមួយប្រទេសជិតខាង៕
ដោយ៖ឈុនសារ៉ាត





