ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំត្រៀមខ្លួនរួចជាស្រេចរង់ចាំអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
AKP កំពង់ធំ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេច រង់ចាំអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សម្រាប់កិច្ចប្រតិបត្តិការ រក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ជូនជាតិមាតុភូមិ។

នេះជាការលើកឡើងរបស់ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តខេត្តកំពង់ធំក្នុងឱកាសអញ្ជើញត្រួតពិនិត្យវត្តមានជាក់ស្តែងរបស់មន្ត្រីនគរបាល និងផ្សព្វផ្សាយសភាពការណ៍ ថ្មីៗជូនដល់កងកម្លាំងប្រមាណជិត៦០០នាក់កាលពីព្រឹកថ្ងៃចន្ទទី០៩ ខែមិថុនាឆ្នាំ២០២៥នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ទោ ហេង សុផល បានក្រើនរំឭកលើការងារមួយចំនួនដល់កងកម្លាំងរួមមាន÷ ១. សូមឱ្យថ្នាក់ដឹកនាំនាយការិយាល័យជំនាញ ធ្វើជាគំរូល្អដល់មន្ត្រីក្រោមឱវាទក្នុងការដឹកនាំបញ្ជា បំពេញភារកិច្ចប្រចាំថ្ងៃតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្ដីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ ២. បន្តអនុវត្តមោះមុតតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការគ្រប់គ្រង ប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រង់ប្រើប្រាស់អាវុធជាតិផ្ទុះនិងមធ្យោបាយ។ ៣. ការងារប្រចាំបញ្ជាត្រូវផ្លាស់ប្ដូរវេនប្រចាំការ ក្នុងអង្គភាព២៤ម៉ោងលើ២៤ ម៉ោង រង់ចាំអនុវត្ត បទបញ្ជារបស់ថ្នាក់ដឹកនាំប្រគល់ជូននិងកិច្ចអន្តរាគមន៍សង្គ្រោះដល់ប្រជាពលរដ្ឋនាគ្រាជួយបញ្ហាប្រឈមណាមួយ ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសត្រៀមខ្លួនរួចជានិច្ច ប្រឆាំងដាច់ខាតចំពោះឧបាយកលក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់មួយក្ដាប់តូចដែលមានបំណងបង្ករចលាចលសន្តិសុខជាតិក្នុងនាមកងកម្លាំងប្រដាប់អាវុធការពារដាច់ខាតជាតិ សាសនា ព្រះមហាក្សត្រ និងការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត ហើយការពារឱ្យបានសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំឱ្យចាញ់ល្បិចកលពួកជ្រុលនិយមមួយចំនួនដែលតែងតែបង្កើតពត៌មានមិនពិត ធ្វើយ៉ាងណាសំដៅបង្កភាពអសន្តិសុខ តាមរូបភាពផ្សេងៗដើម្បីបំផ្លិចបំផ្លាញភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅប្រកបដោយភាពសុខសាន្ត៕


ដោយ ស៊ុម វណ្ណា (ប្រភព៖ ស្នងការនគរបាលខេត្តកំពង់ធំ)





