វគ្គបណ្តុះបណ្តាលជូនសហគមន៍ដែលត្រូវបានទទួលស្គាល់ជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍គោកមានទី (ទឹកធ្លាក់ជ្រាវ) ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- លោក ចាន់ ខេមរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលជូនសហគមន៍ដែលត្រូវបានទទួលស្គាល់ជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍ គោកមានទី (ទឹកធ្លាក់ជ្រាវ) ដែលស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លោក សេង សុភ័ក្រ្ត អភិបាលរងស្រុកថ្ពង លោក ឆៃ បូណា អនុប្រធានមន្ទីរទេសចរណ៍ លោក សាយ ស៊ឺន ប្រធានសហគមន៍ អនុប្រធានសហគមន៍ សមាជិក និងសមាជិកានៃគណៈកម្មការសហគមន៍គោកមានទី (ទឹកធ្លាក់ជ្រាវ) មានចំនួនប្រមាណ៤០រូប។

លោក ចាន់ ខេមរិទ្ធ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការពង្រឹងការគ្រប់គ្រងសហគមន៍ឱ្យមានប្រសិទ្ធភាពស្របតាមស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា និងស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន លើកកម្ពស់ការអភិវឌ្ឍផលិតផលទេសចរណ៍នៅសហគមន៍ ការផ្តល់សេវាប្រកបដោយគុណភាព និងគោរពតាមលិខិតបទដ្ឋាននានាពាក់ព័ន្ធការគ្រប់គ្រងសហគមន៍ ពិសេសផ្សព្វផ្សាយ ជំរុញ «យុទ្ធនាការរដូវកាលបៃតង (Green Season)» ឱ្យបានកាន់តែទូលំទូលាយទៅថ្នាក់មូលដ្ឋាន។

ក្នុងឱកាសនោះ លោក ចាន់ ខេមរិទ្ធ បានសំណូមពរឱ្យប្រជាពលរដ្ឋក្នុងសហគមន៍គោកមានទីរក្សាឱ្យបាននូវភាពស្អាត ដែលខ្មែរយើងមានតាំងពីយូរលង់មក ក្នុងនោះភាពស្អាតនៅក្នុងចិត្ត ដែលស្មោះត្រង់ មានការផ្តល់សេវាល្អ រួសរាយរាក់ទាក់ និងមានតម្លៃសមរម្យ។ លើសពីនេះមានភាពស្អាតក្រៅខ្លួន ដែលយើងរក្សាបានអនាម័យ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សម្អាតមូលដ្ឋាន ធ្វើឱ្យផ្ទះរបស់យើងស្អាត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនថែមទៀត និងភាពស្អាតលើឆាកអន្តរជាតិ ធ្វើឱ្យសហគមន៍មានកិត្តិយសឧត្តុងឧត្តម ដែលអ្នកទេសចរបានផ្សព្វផ្សាយពីតំបន់សក្តានុពលទេសចរណ៍ និងការវិនិយោគ ដល់អន្តរជាតិ។

គួរបញ្ជាក់ថា សហគមន៍គោកមានទី «ទឹកធ្លាក់ជ្រាវ» មានទីតាំងស្ថិតនៅក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ គឺជាទឹកធ្លាក់ដែលមានជម្រាលច្រើនដំណាក់អំណោយផលដល់ការងូតទឹកលេងកម្សាន្ដពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ អមដោយបរិយាកាសធម្មជាតិ និងសម្រស់ដ៏ស្រស់ត្រកាល នារដូវកាលបៃតង (Green Season)៕


ដោយ លឹម សាន្ត





