ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន ជំរុញការងារបម្រើសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- លោក ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់នូវស្ថានភាពទូទៅនៃដំណើរការចេញ-ចូលប្រទេសរបស់អ្នកដំណើរជាតិ-អន្តរជាតិ ក៏ដូចជាសកម្មភាពបំពេញការងារជំនាញប្រចាំថ្ងៃរបស់មន្ត្រីនគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងធានាបាននូវភាពរលូន ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ក្នុងឱកាសចុះពិនិត្យនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន បានថ្លែងក្រើនរំលឹកដល់មន្ត្រីទាំងអស់ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចជំនាញប្រចាំថ្ងៃឱ្យបានល្អប្រសើរថែមទៀត និងបានសង្កត់ធ្ងន់ជាពិសេសលើការងារប្រថាប់ត្រាឯកសារធ្វើដំណើរជូនអ្នកដំណើរ ដោយត្រូវអនុវត្តតាមបច្ចេកទេសជំនាញអន្តោប្រវេសន៍ប្រកបដោយភាពរហ័សរហួន និងត្រឹមត្រូវ។

ជាមួយគ្នានេះ លោកនាយប៉ុស្តិ៍បានជំរុញឱ្យមន្ត្រីគ្រប់រូបផ្ដល់សេវាប្រកបដោយ ស្នាមញញឹម រីករាយរាក់ទាក់ និងសុជីវធម៌ ទៅកាន់អ្នកដំណើរទាំងអស់ ដោយចាត់ទុកថាចំណុចនេះជាកត្តាសំខាន់ក្នុងការលើកកម្ពស់កិត្តិយសស្ថាប័ន និងរូបភាពប្រទេសជាតិទាំងមូល ព្រមទាំង បានបញ្ជាក់ថា "បងប្អូនមន្ត្រីទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ក្នុងការបំពេញកិច្ចការងារជំនាញប្រចាំថ្ងៃឱ្យបានល្អប្រសើរបន្ថែមទៀត។ អ្វីដែលសំខាន់បំផុត គឺត្រូវពន្លឿនការប្រថាប់ត្រាជូនអ្នកដំណើរតាមបច្ចេកទេសជំនាញអន្តោប្រវេសន៍ ដោយមិនត្រូវឱ្យមានការយឺតយ៉ាវឡើយ។ ជាងនេះទៅទៀត យើងត្រូវតែបំពេញការងារដោយប្រកាន់ខ្ជាប់នូវ ស្នាមញញឹម រីករាយរាក់ទាក់ និងសុជីវធម៌ ជានិច្ច។ ការធ្វើបែបនេះ មិនត្រឹមតែជួយសម្រួលដល់ការងាររបស់យើងប៉ុណ្ណោះទេ តែថែមទាំងឆ្លុះបញ្ចាំងពីសេវាកម្មដ៏ល្អប្រសើររបស់ស្ថាប័នយើង ក៏ដូចជាកិត្តិយសរបស់ប្រទេសជាតិយើងទាំងមូលផងដែរ។ សូមបងប្អូនចងចាំថា ការបំពេញភារកិច្ចដោយទឹកចិត្តរីករាយ និងវិជ្ជាជីវៈ គឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ និងការរីកចម្រើនរួមគ្នា"៕

ដោយ ឈុន សារ៉ាត





