ក្រសួងប្រៃសណីយ៍ជូនដំណឹងអំពីវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត AI និងការបើកការពិគ្រោះយោបល់ជាសាធារណៈ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានជូនដំណឹងដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល បណ្តាក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មីគ្រប់វិស័យ គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អ្នកវិជ្ជាជីវៈឌីជីថល សិស្សនិស្សិត (“ភាគីពាក់ព័ន្ធ”) ទាំងអស់ និងសាធារណជន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ អំពីវឌ្ឍនភាពនៃការរៀបចំ “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត”។
បន្ទាប់ពីសិក្ខាសាលាពិនិត្យស៊ីជម្រៅនាថ្ងៃទី០៧-០៨ ខែមេសា ឆ្នាំ២០២៥ ក្រុមការងាររបស់ ក.ប.ទ. បានកែសម្រួលសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតនិងបានផ្ញើសេចក្តីព្រាងដែលបានកែសម្រួល ជូនក្រសួង ស្ថាប័នពិនិត្យនិងផ្តល់យោបល់ ព្រមទាំងបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នជាទ្វេភាគីនិងពហុភាគីសរុបចំនួន ១០លើក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ជាលទ្ធផលក្រសួង ស្ថាប័នជាច្រើនបានលើកមតិគាំទ្រនិងផ្តល់មតិយោបល់ល្អៗលើសេចក្តីព្រាងនេះ។ ជាជំហានបន្ទាប់ ក.ប.ទ. នឹងបន្តរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល តំណាងវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ក្នុងសប្តាហ៍ទី៣ ខែមិថុនា ឆ្នាំ២០២៥ ហើយនឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត នៅសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៥។
ដើម្បីប្រមូលធាតុចូលឱ្យបានកាន់តែទូលំទូលាយពីភាគីពាក់ព័ន្ធ សំដៅធ្វើឱ្យសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតក្លាយទៅជាឯកសារថ្នាក់ជាតិដ៏ពេញលេញ ក.ប.ទ សូមបើកការពិគ្រោះយោបល់លើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
ដើម្បីចូលរួមផ្តល់យោបល់ សូមទាញយកសេចក្តីព្រាងយុទ្ធសាស្ត្រនេះ ឯកសារទស្សនាទាន និងតារាងផ្ដល់យោបល់តាមរយៈឃ្យូអរកូដទី១ ខាងក្រោម រួចបំពេញទម្រង់បែបបទអនឡាញនិងភ្ជាប់តារាងផ្ដល់យោបល់ដែលបានបំពេញរួចនិងឯកសារភ្ជាប់ផ្សេងទៀត ប្រសិនបើមាន តាមរយៈឃ្យូអរកូដទី២ខាងក្រោម ឱ្យបានមុនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១៖៥៩នាទីយប់។ ក្រុមការងាររបស់ ក.ប.ទ. នឹងពិនិត្យ និងបូកសរុបមតិយោបល់ទាំងអស់ដើម្បីពិចារណាជ្រើសរើសជាធាតុចូលបន្ថែមសម្រាប់សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈអ៊ីមែល ai-governance@mptc.gov.kh ឬទូរសព្ទលេខ ០៩៦ ៦៥១ ៣០០៣៕




ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





