ខេត្តសៀមរាបនឹងរៀបចំបុណ្យសមុទ្រទឹកសាបកម្ពុជាលើកទី៣ និងរៀបចំឡើងនាថ្ងៃចុងសប្ដាហ៍នេះ
AKP សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់បុណ្យសមុទ្រទឹកសាបកម្ពុជាលើកទី៣នេះ រៀបចំឡើងក្រោមកិច្ចសហការគ្នារវាងរដ្ឋបាលស្រុក និងអង្គការមូលនិធិទំពាំងស្នងឫស្សី ដែលមានការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះនឹងមានកម្មវិធីជាច្រើន ដូចជា កម្មវិធីទស្សនាបឹងទន្លេសាប ការហែក្បួនទេសចរណ៍ ការបង្ហាញផលិតផលទេសចរណ៍ក្នុងឃុំកំពង់ភ្លុក ការដង្ហែតុក្កតាយក្ស ការប្រណាំងទូកលក្ខណៈកម្សាន្ត រួមជាមួយនឹងកម្មវិធីកម្សាន្ត និងអប់រំជាច្រើនទៀត។ ហើយបុណ្យសមុទ្រទឹកសាបកម្ពុជា លើកទី៣ នឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅតំបន់សហគមន៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីដឹងគុណទន្លេសាប ដោយចលនាមហាជនឱ្យចូលរួមថែរក្សាអនាម័យបរិស្ថាន ការពារសុខភាពបឹងទន្លេសាប ដោយត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅស្អាត ឈប់បោះសំរាមគ្រប់ប្រភេទចូលទៅក្នុងទឹកបឹងទន្លេសាប ពិសេសសំរាមប្លាស្ទិក។

លោកអភិបាលស្រុកលើកឡើងថា ព្រឹត្តការណ៍នេះនឹងក្លាយជាចំណែកមួយបន្ថែមទៀត ក្នុងជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យកាន់តែមានភាពទាក់ទាញនៅរដូវបៃតង ខណៈនៅតំបន់កំពង់ភ្លុកនារដូវនេះ កំពុងមានភាពទាក់ទាញខ្លាំងជាមួយទេសភាពបៃតង ជាមាត់បឹងទន្លេសាប។ ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយជំរុញផលិតផលក្នុងស្រុក ចេញទៅឱ្យភ្ញៀវទេសចរក៏តែស្គាល់ផងដែរ៕




ដោយ ឃុត សៅ





