៥ខែដើមឆ្នាំ២០២៥ កុមារខេត្តកំពតជាង១៥០០០នាក់ទទួលសេវាពិនិត្យ ថែទាំ និងព្យាបាលសុខភាពមាត់ធ្មេញ
AKP កំពត ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- សុខភាពមាត់ធ្មេញជាកម្មវិធីមួយក្នុងចំណោមកម្មវិធី៤របស់អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា ដែលបាន និងកំពុងធ្វើនៅក្នុងខេត្តកំពត ពិសេសស្រុកទឹកឈូ។ បើតាមការបញ្ជាក់របស់ប្រធានអង្គការ រយៈពេល៥ខែដើមឆ្នាំ២០២៥ កុមារដែលជាសិស្សានុសិស្សនៅខេត្តកំពតជាង១៥០០០នាក់ទទួលបានសេវាពិនិត្យ ថែទាំ និងព្យាបាលសុខភាពមាត់ធ្មេញ។ អាជ្ញាធរ និងមន្ត្រីជំនាញលើកទឹកចិត្តអាណាព្យាបាល និងសិស្សឱ្យយកចិត្តទុកដាក់លើការសិក្សារៀនសូត្រ ពិសេសត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងបន្តថែក្សាសុខភាពមាត់ធ្មេញឱ្យកាន់តែល្អ។

នៅក្នុងឱកាសរៀបចំទិវាលើកកម្ពស់សុខភាពមាត់ធ្មេញនៅសាលាបឋមសិក្សាបុះត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោក គិន ភាព ប្រធានអង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា បានប្រាប់ឱ្យដឹងថា ដោយមានការជ្រោមជ្រែង និងកិច្ចសហការល្អពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា បាននឹងកំពុងបំពេញបេសកកម្មរបស់ខ្លួនលើកម្មវិធី៤សំខាន់ មាន៖ កម្មវិធីទឹកស្អាត និងអនាម័យ កម្មវិធីអប់រំ កម្មវិធីអភិវឌ្ឍន៍សហគមន៍ និងកម្មវិធីសុខភាពមាត់ធ្មេញ។

លោកប្រធានអង្គការបានបញ្ជាក់ថា កម្មវិធីមាត់ធ្មេញមានសកម្មភាពជាច្រើនដូចជា ចុះទៅពិនិត្យ និងលាបថ្នាំភ្លុយអររ៉ាយដល់កុមារតាមសាលាគោលដៅ ផ្តល់ការពិនិត្យ និងព្យាបាលធ្មេញដល់កុមារនៅគ្លីនិកធ្មេញកុមារក្បាលរមាស ផ្តល់ការពិនិត្យ និងព្យាបាលធ្មេញដល់កុមារតាមសាលាឆ្ងាយៗ ដោយគ្លីនិកធ្មេញចល័ត, ផ្តល់ការអប់រំអំពីការថែទាំសុខភាពមាត់ ធ្មេញដល់កុមារ ផ្តល់ថ្នាំ និងច្រាសដុសធ្មេញដល់កុមារ, លាបថ្នាំភ្លុយអរ៉ាយការពារជំងឺពុកធ្មេញដល់កុមារតូចពេលដែលពួកគេមកទទួលវ៉ាក់សាំងនៅមណ្ឌលសុខភាព។ ជាលទ្ធផលក្នុងរយៈពេលជិត២០ឆ្នាំមកនេះ កុមារជាង១០ម៉ឺននាក់បានទទួលសេវាពីគ្លីនិកធ្មេញរបស់អង្គការ។ ដោយឡែក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ កុមារជាង១៥០០០នាក់បានទទួលការពិនិត្យ ការលាបថ្នាំភ្លុយអរ៉ាយ និងាការព្យាបាលធ្មេញពីគ្លីនិករបស់អង្គការក្នុងខេត្តកំពត។

កុមារី រ៉ង លីហ៊ន សិស្សថ្នាក់ទី៥នៃលាលាបឋមសិក្សាបុះត្របែក បានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ដែលអង្គការបានជួយឧបត្តមគាំទ្រដល់សាលា ពិសេសបានអប់រំ ពិនិត្យ ថែទាំ និងព្យាបាលបញ្ហាមាត់ធ្មេញដល់សិស្សានុសិស្សខេត្តកំពត។
នៅក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត និងអាជ្ញាធរស្រុកទឹកឈូ បានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់អង្គការ បន្តជួយដល់សហគមន៍នានានៅក្នុងខេត្តកំពតឱ្យបានកាន់តែច្រើនបន្ថែមទៀត និងបានលើកទឹកចិត្តដល់អាណាព្យាបាល និងសិស្សានុសិស្សឱ្យយកចិត្តទុកដាក់លើការសិក្សារៀនសូត្រ ព្រោះមានតែវិជ្ជាទេជាស្ពានចម្លងឱ្យផុតពីភាពល្ងិតល្ងង់ ក្រីក្រលំបាកក្នុងជីវភាព។
សូមបញ្ជាក់ ក្រៅពីកម្មវិធីសុខភាពមាត់ធ្មេញ អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជាបានសាងសង់ អាងស្តុកទឹក បំពាក់ប្រព័ន្ធបន្សុទ្ធទឹក សាងសង់ និងជួសជុលបង្គន់អនាម័យ កន្លែងលាងដៃ ឡដុតសំរាម ផ្តល់ការអប់រំ អំពីទឹកស្អាត អនាម័យ បរិស្ថាន និងសុវត្ថិភាពចំណីអាហារ បង្រៀនភាសាអង់គ្លេស កុំព្យូទ័រ ថ្នាក់បំប៉នសិស្សបឋម មតេ្តយ្យសិក្សា និងបំណិនជីវិត ផ្តល់សេវាបណ្ណាល័យចល័ត សាងសង់អគារសិក្សាបានចំនួន១០ខ្នង ស្មើនឹង៣២បន្ទប់ សាងសង់ និងជួសជុលផ្ទះឱ្យគ្រួសារក្រីក្របាន៤៧គ្រួសារ ផ្តល់អាហារថ្ងៃត្រង់ដល់កុមារមកពីគ្រួសាក្រីក្រ និងផ្តល់សម្ភារសិក្សា ដល់សិស្សក្រីក្រ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់គ្រួសារក្រីក្រ ប្រកបរបររកប្រាក់ចំណូលជាដើម៕
ដោយ ប្រាក់ លាង





