គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តបន្ទាយមានជ័យ គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជននៅតេជោកោះថ្ម X16
AKP ត្បូងឃ្មុំ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥-- គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម ប្លែក វ៉ារី អនុប្រធានគណៈកម្មាធិការរណសិរ្សខេត្ត បានចូលរួមយ៉ាងខ្ជាប់ខ្ជួនក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។ ពិធីនេះបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅមហាចេតិយ ស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ។

ការចូលរួមក្នុងពិធីនេះបង្ហាញពីការចងចាំជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធជន យុទ្ធនារី និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដែលបានពលីជីវិតក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍។ តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 គឺជាទីកន្លែងដ៏សំខាន់មួយដែលបានកត់ត្រានូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការតស៊ូរបស់កងទ័ព និងប្រជាជនកម្ពុជា មុនពេលឈានដល់ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩។ វត្តមានរបស់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ខេត្តបន្ទាយមានជ័យ នៅក្នុងពិធីនេះ គឺដើម្បីរំលឹកគុណូបការៈដ៏ធំធេងរបស់វីរជនទាំងនោះ និងបន្តថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលពួកគាត់បានបន្សល់ទុក។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តម ប្លែក វ៉ារី បានបង្ហាញចំណាប់អារម្មណ៍យ៉ាងក្ដុកក្ដួល និងទឹកចិត្តគោរពដឹងគុណថា "ថ្ងៃនេះ ខ្ញុំពិតជាមានអារម្មណ៍រំភើប និងក្ដុកក្ដួលជាខ្លាំង ដែលបានមកចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានពលីជីវិតដ៏ថ្លៃថ្លាបំផុតនៅតំបន់ប្រវត្តិសាស្ត្រដ៏សំខាន់នេះ។ ការលះបង់របស់ពួកគាត់ គឺជាគុណូបការៈដ៏មហិមាដែលមិនអាចបំភ្លេចបាន។ បើគ្មានការលះបង់របស់ពួកគាត់ទេ ប្រទេសជាតិរបស់យើងក៏គ្មានថ្ងៃនេះដែរ។ ពួកគាត់បានយកអាយុជីវិតធ្វើជាដើមទុន ដើម្បីទាមទារនូវសេរីភាព សន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។

ក្នុងនាមគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ខេត្តបន្ទាយមានជ័យ យើងខ្ញុំសូមប្ដេជ្ញាចិត្តបន្តការពារនូវសមិទ្ធផលដែលពួកគាត់បានតស៊ូយកបាន។ យើងនឹងរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ ដូចបំណងប្រាថ្នារបស់វីរជនយើង។ សូមវិញ្ញាណក្ខន្ធវីរជនទាំងអស់បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។"

ការបន្តបេសកកម្មរបស់គណៈកម្មាធិការរណសិរ្សគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ខេត្តបន្ទាយមានជ័យ នឹងបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជន ក៏ដូចជាចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ មិនត្រឹមតែជាការរំលឹកដល់អតីតកាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការដាស់តឿនស្មារតីស្នេហាជាតិ និងការរួបរួមសាមគ្គីគ្នា ដើម្បីអនាគតដ៏ត្រចះត្រចង់របស់កម្ពុជាផងដែរ៕

ដោយ ឈុន សារ៉ាត





