ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ណែនាំដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យទូទាំងប្រទេសឱ្យត្រៀមខ្លួន ក្នុងការបម្រើសេវាដល់ពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យទូទាំងប្រទេសឱ្យត្រៀមខ្លួន ក្នុងការបម្រើសេវាដល់ពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ប្រជាជនដែលអាចត្រូវជម្លៀសមកកាន់តំបន់សុវត្ថិភាព និងប្រជាពលរដ្ឋខ្មែរដែលមកស្វែងរកការថែទាំ និងព្យាបាលជំងឺបន្តរពីមន្ទីរពេទ្យនៅក្រៅប្រទេស។ ការណែនាំនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ធ្វើបឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៥៣៦នាក់ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល តាមតំបន់ព្រំដែនឱ្យបន្តបម្រើសេវាថែទាំសុខភាព ជូនដល់ប្រជាជន និងបានអំពាវនាវឱ្យមន្រ្តីសុខាភិបាលទាំងអស់ ចូលរួមជាធ្លុងមួយបង្ហាញពីសាមគ្គីភាពជាតិ ដោយពេលនេះជាពេលចាំបាច់បំផុតដែលប្រជាជនកម្ពុជាទាំងអស់បង្ហាញជំហរគាំទ្រយ៉ាងមុតមាំការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហារបស់ប្រទេសជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីក៏បានលើកយកអត្ថន័យសំខាន់ៗនៃភាពជាអ្នកដឹកនាំដោយបានបកស្រាយពន្យល់ពីទម្រង់របស់ឥទ្ធិពលដែលកើតចេញពីការដឹកនាំ និងអត្ថន័យជាក្រុម នៃភាពជាអ្នកដឹកនាំ ជាពិសេសសម្រាប់អ្នកវិជ្ជាជីវៈវេជ្ជសាស្រ្ត និងបានលើកយកប្រធានបទ “លទ្ធភាព និង តថភាព” ជាផ្នែកមួយនៃទស្សនៈវិជ្ជាសម្ភារនិយម វិចារវិទ្យាមកធ្វើការពន្យល់ និងផ្តល់ការការណែនាំអោយថ្នាក់ដឹកនាំគ្រប់ឋានានុក្រមព្យាយាមប្រើប្រាស់ ទស្សនៈជាក់ស្តែង ទស្សនៈគ្រប់ជ្រុងជ្រោយ និង ទស្សនៈអភិវឌ្ឍន៍ ក្នុងការដឹកនាំនៅក្នុងវិស័យសុខាភិបាល៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





