ក្រុមហ៊ុន វី ហ្គូ អាប់ ឯ.ក ផ្តល់អំណោយមីជាតិចំនួន ១១៥កេស ដល់ក្រសួងព័ត៌មាន ដើម្បីចូលរួមសកម្មភាពគាំពារការងារមនុស្សធម៌ និងចែកជូនដល់កងទ័ពជួរមុខ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥--
អំណោយមីជាតិចំនួន ១១៥កេស ត្រូវបាន លោក សៅ សារ៉ុន ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន វី ហ្គូ អាប់ ឯ.ក បាននាំយកមកប្រគល់ជូនដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកជាមួយក្រសួងព័ត៌មាន ក្នុងកិច្ចការងារមនុស្សធម៍ជាពិសេសទុកសម្រាប់ឯកឧត្តម រដ្ឋមន្រ្តី យកទៅចែកជូនដល់បងៗកងទ័ពជួរមុខ និងចែកជូនដល់បងប្អូនប្រជាពលរដ្ឋ គ្រួសារ កូនចៅកងទ័ពដែលបានជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែន មកកាន់ទីតាំងសុវត្ថិភាពក្នុងខេត្តព្រះវិហារ ។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកប្រធានក្រុមហ៊ុន វី ហ្គូ អាប់ ឯ.ក ដែលបានឧបត្ថម្ភមីជាតិចំនួន ១១៥កេស មកក្រសួងព័ត៌មាន ទុកសម្រាប់យកទៅចែកជូនកងទ័ពជួរមុខ នៅតំបន់ប្រាសាទព្រះវិហារ ដែលជាការបង្ហាញនូវទឹកចិត្តចូលរួមចំណែក និងជាថាមពលជំរុញលើកទឹកចិត្កដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈរួចជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជាពិតជារឹងមាំហើយកាន់តែខ្លាំងក្លាបំផុត។ ឯកឧត្ដមរដ្ឋមន្រ្ដីលើកឡើងថា ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ថ្នាក់ដឹកនាំក្រុមហ៊ុន វី ហ្គូ អាប់ ឯ.កបានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការយកចិត្តទុកដាក់ដល់ជីវភាពរបស់ កងទ័ពជួរមុខ និងប្រជាពលរដ្ឋ ជាពិសេសគឺក្នុងសកម្មភាពចូលរួមរួមចំណែកដ៏សំខាន់លើកិច្ចគាំពារ និងការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន។

ជាមួយគ្នានដែរ តំណាងក្រុមហ៊ុន វី ហ្គូ អាប់ ឯ.ក បានបង្ហាញនូវទឹកចិត្តរីករាយដែលបានចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ពិសេសសម្រាប់អំណោយជាមីជាតិ ទាំងអស់នេះនឹងត្រូវយកទៅចែកជូនដល់បងៗកងកម្លាំងដែលឈរជើងនៅជួរមុខ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ៕


ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





