ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅលើសមរភូមិ
AKP កំពង់ស្ពឺ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តអមដំណើរឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្រ្ដីនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែន៧៩៣នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសពលោកអនុសេនីយ៍ឯក ពោ វៃ យោធិននៃកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោកនៃកងយោធពលខេមភូមិន្ទ។

ក្នុងគ្រានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទាំងសោកសៅថា ខ្ញុំសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ព្រមទាំងកងកម្លាំងរួមអាវុធនៃអង្គភាពទាំងពីរដែលបានបាត់បង់ស្វាមី ឪពុក សាច់ញាតិ ក៏ដូចជាយុទ្ធមិត្តជាទីគោរពស្រលាញ់ក្នុងពេលនេះ។ ខ្ញុំសូមលំឱនកាយគោរពចំពោះពលិកម្ម និងគុណបំណាច់ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី របស់បងប្រុសទាំងពីរ និងយុទ្ធជនទាំងអស់ប្រកបដោយមនោសញ្ចេតនាក្តុកក្តួលក្រៃលែង។ វីរភាពដ៏អង់អាចរបស់បងៗយុទ្ធជនទាំងអស់នឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនគ្រប់រូបគ្មានថ្ងៃបំភ្លេចបាន។ ក្នុងគ្រាលាគ្នាជាលើកចុងក្រោយ ខ្ញុំសូមបួងសួង ឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធ វីរសេនីយ៍ត្រី លៀម សំពៅមាស និងអនុសេនីយ៍ឯក ពោ វៃ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត៕




ដោយ លឹម សាន្ត





