ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៧.៥៣៩ បណ្ណនៅស្រុកថ្ពង
AKP កំពង់ស្ពឺ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពរដ្ឋចំនួន៧.៥៣៩បណ្ណ ត្រូវនឹងចំនួន៩ភូមិ ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាស្រុកថ្ពង លោក លោកស្រី តំណាងមន្ទីរអង្គជុំវិញខេត្ត ប្រធានភូមិបាលស្រុក មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋជាច្រើនទៀត។

លោក តាប់ ម៉ាឡៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារវាស់វែងដីធ្លីទទួលបានលទ្ធផលល្អប្រសើរ។ ក្នុងដំណើរការនៃការកែទម្រង់ដីធ្លី ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការជំរុញពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ បានជំរុញ និងកំណត់ គោលដៅជាយុទ្ធសាស្រ្តក្នុងការចុះបញ្ជីដីធ្លីឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៥ លោកប្រធានមន្ទីរបានលើកឡើងបន្តថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) នាពេលនេះ គឺមានន័យថាបងប្អូនមានដីកម្មសិទ្ធិស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយបងប្អូនថែមទាំងមានសិទ្ធិ ចាត់ចែងទ្រព្យសម្បត្តិផ្ទាល់ខ្លួនតាមអ្វីដែលខ្លួនមាន។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរក៏បានផ្ដាំផ្ញើឱ្យបងប្អូនម្ចាស់កម្មសិទ្ធិចេះថែរក្សាប្លង់ដី និងប្រើប្រាស់ឱ្យមានប្រយោជន៍ ហាមដាក់ខ្ចីលុយដើម្បីលេងល្បែងខុសច្បាប់ផ្សេងៗ ដែលបណ្ដាលឱ្យមានការខាតបង់ថ្ងៃអនាគត៕



ដោយ លឹម សាន្ត





