ឯកឧត្តម គន់ គីម ទទួលអំណោយពីក្រុមហ៊ុនអចលនទ្រព្យ LOD ចែកជូនកងទ័ពជួរមុខ និងជនភៀសសឹក ខេត្តឧត្តរមានជ័យ
AKP ឧត្តរមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទទួលអំណោយពីក្រុមហ៊ុនអចលនទ្រព្យLOD ដឹកនាំដោយលោក អ៊ុក ឃ្នួច និងក្រុមគ្រួសារ ដើម្បីផ្តល់ជូនជនភៀសសឹកចំនួន១០០០គ្រួសារ និងកងទ័ពជួរមុខចំនួន៥០០នាក់ នៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ក្រុមហ៊ុនអចលនទ្រព្យ LOD ដែលបានរួមចំណែកផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ នាំមកចែកជូនដល់ជនភៀសសឹកដែលជម្លៀសចេញពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ មកថ្នាក់នៅមណ្ឌលសុវត្ថិភាព និងកងទ័ពជួរមុខ។

ឯកឧត្តមបានមានប្រសាសន៍កោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញពីការសាមគ្គីភាព ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ពជួរមុខ និងជនភៀសសឹក។

សូមបញ្ជាក់ថា អំណោយរបស់ក្រុមហ៊ុនអចលនទ្រព្យ LOD តាមរយៈលោកអ៊ុក ឃ្នួច និងគ្រួសារ រួមមាន អង្ករ១៥តោន ឆៃប៉ូវ១០០០គីទ្បូក្រាម កន្ទេល១០០០ មុង១០០០ ក្រម៉ា១០០០ ទឹកស៊ីអ៊ីវ១០០០យួរ សៀង២០០០ដប សម្រាប់កងទ័ពជួរមុខចំនួន៦គោលដៅ និងបានឧបត្ថម្ភមីចំនួ៦០កេស សាច់ក្រក៦០គីទ្បូក្រាម ត្រីងៀត២០គីទ្បូក្រាម សាច់ជ្រូកផាត់២៥គីទ្បូក្រាម និងកាពិផាវ២០ប្រអប់៕


ដោយ ទិត ស្រ៊





