យុវជនត្រូវត្រៀមខ្លួន និងមានស្មារតីប្រុងប្រយ័ត្នជានិច្ចក្នុងការការពារទឹកដីពីការឈ្លានពានរបស់ប្រទេសថៃ
AKP កំពត ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពត បានណែនាំ និងក្រើនរម្លឹកដល់យុវជនគ្រប់ប្រភេទនៅស្រុកទឹកឈូ ឱ្យត្រៀមចិត្ត ត្រៀមកាយ និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ដរាបណាព្រំដែននៅមិនទាន់បោះបង្គោលរួច។ លោកបានណែនាំឱ្យយុវជនដែលជាបញ្ញវន្តត្រូវក្លាហាន ហ៊ានផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ជាភាសាផ្សេងៗ ឱ្យពិភពលោកបានដឹង។

ក្នុងពិធីជួបជុំយុវជនក្នុងស្រុកទឹកឈូ ដើម្បីគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី និងរួមគ្នាច្រៀងចម្រៀងជាតិលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងតែឈរជើងការពារដឹកដីនៅតំបន់ព្រំដែន (កម្ពុជា-ថៃ) លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ និងជាអនុប្រធានស.ស.យ.ក ខេត្តកំពត បានបានណែនាំ និងផ្តាំដល់យុវជនខ្មែរជំនាន់ក្រោយទាំងអស់ ត្រូវត្រៀមចិត្ត ត្រៀមកាយ និងមានស្មារតីស្នេហាការពារជាតិមាតុភូមិ បើថ្ងៃណាមួយជាតិត្រូវការ យុវជនត្រូវតែក្លាហានក្នុងការចូលបម្រើទ័ព ដើម្បីការពារទឹកដី។ ហើយនៅចំពោះមុខ លោកក៏បានស្នើដល់យុវជនដែលជាបញ្ញវន្តត្រូវហ៊ានផ្សព្វផ្សាយនៅលើប្រព័ន្ធទំនាក់ទំនងសង្គមរបស់ខ្លួន អំពីការពិតរបស់កម្ពុជា ជាភាសាផ្សេងៗដែលខ្លួនចេះ ឱ្យពិភពលោកបានដឹង។

សូមបញ្ជាក់ថា មកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋខេត្តកំពត យុវជននៅតែបន្តនាំគ្នាបរិច្ចាគ សម្ភារ ថវិកា ស្បៀងអាហារ គ្រឿងប្រើប្រាស់ប្រចាំថ្ងៃ ជូនអាជ្ញាធរក្រុងស្រុក មន្ទីរ អង្គភាពជុំវិញខេត្តជាហូរហែនៅឡើយ ដើម្បីជួយទៅដល់កងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក ខណៈដែលកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានអនុវត្តក៏ដោយ៕



ដោយ ប្រាក់ លាង





