ឯកឧត្តម ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ បានទទួលជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងសហការី នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងឯកឧត្តម ឯកអគ្គរាជទូត បានពិភាក្សាលើការងារពាក់ព័ន្ធនឹងវិស័យឌីជីថល បញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ ជាពិសេសដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូទៅកាន់ប្រទេសម៉ាឡេស៊ី និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានស្ដីពីបញ្ញាសិប្បនិម្មិត ម៉ាឡេស៊ី ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ចំពោះការចូលរួមចំណែកដ៏ស្វិតស្វាញក្នុងការស្វែងរកដំណោះស្រាយតាមរយៈការចុះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ក្រោមគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងមានការចូលរួមដោយសាធារណរដ្ឋប្រជាមានិតចិន៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





