បដិមាធ្វើអំពីស្ពាន់ត្រូវបានគេប្រទះឃើញត្រង់ចំណុចខាងលិចវត្តពង្រភូមិជីមាឃ ឃុំកកោះ
AKP កំពង់ធំ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥-- លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ និងក្រុមការងារការិយាល័យបេតិកភណ្ឌ សហការជាមួយការិយាល័យនគរបាលការពារបេតិកភណ្ឌ រដ្ឋបាលស្រុកសន្ទុក និងអធិការដ្ឋាននគរបាលស្រុកសន្ទុក បានចុះពិនិត្យ និងវាយតម្លៃវត្ថុសិល្បៈរកឃើញថ្មីចំនួន១ដុំ/អង្គ នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។

លោក ហ៊ិន សោភ័ណ បានឱ្យដឹងថា បដិមានេះរកឃើញកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ ដោយអ្នកបើកបរគ្រឿងចក្រឈ្មោះ កាក់ ប៊ុនថន ត្រង់ចំណុចខាងលិចវត្តពង្រ ចម្ងាយប្រមាណ២០០ម៉ែត្រ ក្នុងពេលប្រតិបត្តិការនៃការស្តារស្ទឹងស្លាប់ ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកបានបញ្ជាក់ថា ក្រោយពីការពិនិត្យចប់សព្វគ្រប់មក ជាលទ្ធផលបានបង្ហាញថា បដិមានេះធ្វើអំពីស្ពាន់ ដែលទំនងជារូបតំណាងនៃទេពក្នុងព្រះពុទ្ធសាសនានិកាយមហាយានដែលគេស្គាល់ព្រះនាមថា ព្រះពោធិសត្វអវលោតិកេស្វរ (លោកេសូរ) ឬអាចជាព្រះពោធិសត្វមៃត្រេយ (សិអារ្យមេត្រិយ) ការសន្និដ្ឋាននេះមិនប្រាកដទាំងស្រុងដោយសារការបាក់បែកនៅត្រង់ចំណុចថ្ងាសនិងផ្នួងសក់ ដែលជាលក្ខណៈសម្គាល់អំពីទេពទាំងពីរនេះ។ តាមទម្រង់ព្រះភក្រ្ត និងសំពត់របស់ទេព បដិមានេះទំនងស្ថិតនៅក្នុងរចនាបថបាខែង (គ.ស.៨៩៣-៩២៥) ក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ ឬព្រះបាទស្រីហស៌វរ្ម័នទី១ហើយត្រូវបានយកមករក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំ៕


ដោយ ស៊ុម វណ្ណា





