អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ កិច្ចប្រជុំវិសាមញ្ញនៃក្រុមលេខាគណៈកម្មាធិការព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅដោយរលូន និងមានភាពរីកចម្រើន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥–លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញនៃក្រុមលេខាគណៈកម្មាធិការព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅដោយរលូន និងមានភាពរីកចម្រើនជាវិជ្ជាមានមួយចំនួនកាលពីថ្ងៃម្សិលមិញ ដោយកិច្ចប្រជុំបានប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុក ដែលយើងសង្ឃឹមថានឹងទទួលបាននូវលទ្ធផលជាវិជ្ជាមានបន្ថែមទៀត ដែលជាការអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការអនុវត្តបទឈប់បាញ់ឱ្យកាន់ តែមានប្រសិទ្ធភាព និងពេញលេញ ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពត្រឡប់មកវិញឱ្យបានឆាប់
រហ័ស។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាយ៉ាងដូច្នេះធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី វេលាម៉ោង១១ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានរំលឹកថា កិច្ចប្រជុំវិសាមញ្ញនៃក្រុមលេខាគណៈកម្មាធិការព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ខាងលើគឺវាបានកើតចេញពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលបានបញ្ជាក់ឡើងវិញនូវចំណុចសំខាន់ នៃការបន្តរក្សាទំនាក់ទំនងនៃបណ្តាយោធាក្នុងតំបន់ បណ្តាយោធភូមិភាគ និងអង្គភាពនៅតាមបណ្តាយព្រំដែននៃភាគីទាំងពីរ រួមនិងការខិតខំប្រឹងប្រែងក្នុងការដោះស្រាយនូវរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចនានា៕
ដោយ៖ ចាន់ សុភឿន





