ភ្ញៀវបរទេសថា កម្ពុជាជាគោលដៅទេសចរណ៍ដ៏ល្អមួយផ្តល់នូវភាពកក់ក្តៅ និងភាពសប្បាយរីករាយ
AKP កំពត ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥-- ភ្ញៀវទេសចរមកពីបណ្តាប្រទេសនានាលើពិភពលោក បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគេបានធ្វើដំណើរមកទស្សនាកម្ពុជាជាញឹកញាប់។ ស្នាមញញឹម និងក្តីស្រឡាញ់របស់ពលរដ្ឋកម្ពុជាបានធ្វើឱ្យពួកគេមានកក់ក្តៅយ៉ាងខ្លាំង ស្របពេលដែលកន្លែងកម្សាន្តជាច្រើនមានភាពទាក់ទាញផ្សេងៗគ្នា ធ្វើឱ្យអ្នកខ្លះសម្រេចចិត្តមករស់នៅកម្ពុជា។ ពួកគេបានណែនាំឱ្យទេសចរអន្តរជាតិបន្តមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។

ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅខេត្តកំពតបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគាត់ចូលចិត្តធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា ពិសេសខេត្តកំពតគឺជាខេត្តដែលភ្ញៀវទេសចរភាគច្រើនបានមកស្នាក់នៅរយៈពេលវែង ហើយអ្នកខ្លះបានជាប់ចិត្តជាមួយភាពរូសរាយរាក់ទាក់ ជួយយកអាសារបស់ពលរដ្ឋកម្ពុជា និងបានសម្រេចចិត្តនាំក្រុមគ្រួសារមករស់នៅអចិន្ត្រៃយ៍។ ជាក់ស្តែង កំពតជាខេត្តដែលពួកគេចូលចិត្តបំផុត ព្រោះមានកន្លែងដើរកម្សាន្តច្រើន ទេសភាព បរិយាកាស និងសុវត្ថិភាពល្អប្រសើរ ហើយបើទោះជាមានជម្លោះព្រំដែនកម្ពុជា-ថៃ តែគ្រប់យ៉ាងនៅជាប្រក្រតី មិនប៉ះពាល់ដល់ការធ្វើដំណើរកម្សាន្តរបស់ពួកគេនោះទេ។
អ្នកផ្តល់សេវាស្នាក់នៅ នៅប៊ូទិក “Onederz” បានប្រាប់ថា ការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃមិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរកម្សាន្តរបស់ភ្ញៀវបរទេសទេ ហើយភ្ញៀវនៅតែបន្តធ្វើដំណើរមកទស្សនាខេត្តកំពតជាធម្មតា។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះថា ដំណើរការសេវាកម្មទេសចរណ៍បាន និងកំពុងប្រព្រឹត្តទៅជាប្រក្រតី មិនមានអ្វីគួរឱ្យកក់សំគាល់ឡើយសម្រាប់ភ្ញៀវទេសចរបរទេសទេ ប៉ុន្តែសម្រាប់ភ្ញៀវជាតិ ជាការកត់សម្គាល់ឃើញថា ពួកគាត់ហាក់ផ្តោតអារម្មណ៍ទៅគាំទ្រ និងខ្វល់ខ្វាយរឿងប្រទេសជាតិច្រើនជាងការដើរកម្សាន្ត ចាប់តាំងពីមានការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃនៅតំបន់ព្រំដែន។


មន្ត្រីជំនាញបានអំពាវនាវដល់ភ្ញៀវអន្តរជាតិសូមបន្តមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន ពិសេសខេត្តកំពតដែលជាខេត្តជាប់តំបន់ឆ្នេរ តារារះទិសនិរតី ដែលមានសម្បទាទេសចរណ៍សម្បូរបែប និងមានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកផ្តល់សេវាទេសចរណ៍គ្រប់ប្រភេទ រង់ចាំទទួលស្វាគមន៍ និងមើលថែទាំងដោយយកចិត្តទុកដាក់បំផុត៕

ដោយ ប្រាក់ លាង





