សហភាពអឺរ៉ុបផ្ដល់ជំនួយមនុស្សធម៌៧០ម៉ឺនអឺរ៉ូសម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥--
សហភាពអឺរ៉ុបបានផ្ដល់ជំនួយមនុស្សធម៌បន្ទាន់សរុបជាទឹកប្រាក់ចំនួន ៧០០,០០០ អឺរ៉ូ (ប្រមាណ ៨១៦,០០០ ដុល្លារអាមេរិក) សម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។

បើតាមសហភាពអឺរ៉ុបបានឱ្យដឹងថា អាទិភាពបន្ទាន់នៃជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុបនឹងផ្ដោតលើការឧបត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតីនិងសុខភាពផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសំរាប់រយៈពេល៦ ខែ។ ជាមួយគ្នានេះមូលនិធិមនុស្សធម៌ជាបន្ទាន់នេះនឹងបំពេញ បន្ថែមលើគម្រោងនានាដែលកំពុងអនុវត្តតាមរយៈដៃគូ អង្គការនៅក្នុងតំបន់។

សូមជម្រាបជូនថា កាលពីដើមឆ្នាំនេះសហភាពអឺរ៉ុបបានបែងចែកថវិកាចំនួន ៧៦ លានអឺរ៉ូ ជាជំនួយ មនុស្សធម៌ដើម្បីដោះស្រាយតម្រូវការរបស់ប្រជាជនដែលរងផលប៉ះពាល់ដោយវិបត្តិចម្បងៗនៅតំបន់អាស៊ី ខាងត្បូង និងអាស៊ីអាគ្នេយ៍។

សហភាពអឺរ៉ុបក៏បានគូសបញ្ជាក់ផងដែរថា រាល់ជំនួយអន្តរាគមន៍របស់សហភាពអឺរ៉ុបគឺផ្អែកទៅលើការវាយតម្លៃតម្រូវការជាក់ស្តែងយ៉ាងល្អិត ល្អន់ ហើយជំនួយមនុស្សធម៌ទាំងនេះត្រូវបានផ្តល់ជូនដោយការអនុលោមយ៉ាងពេញលេញទៅតាមគោល ការណ៍មនុស្សជាតិ ភាពមិនលំអៀង ភាពអព្យាក្រឹត និងឯករាជ្យភាព៕
ដោយ៖ ប៊ុនរិទ្ធ





