ពលរដ្ឋរងគ្រោះភ្លើតឆេះផ្ទះ និងគ្រួសារសពស្រ្តី ដែលបានស្លាប់ក្នុងករណីកើតជំងឺគ្រុនឈាម ស្រុកពញាឮ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
AKP កណ្តាល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥-- លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត និងជាហេរញ្ញិកគណៈកម្មាធិការសាខា ដឹកនាំក្រុមប្រតិបត្តិសាខា នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះអគ្គិភ័យឆេះផ្ទះ ចំនួន១គ្រួសារ ស្ថិតនៅក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់មកប្រតិភូសាខា រួមជាមួយក្រុមចលនាស្ត្រីខេត្ត-ស្រុក បានបន្តដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយទៅជួយឧបត្តម្ភជូនគ្រួសារសពស្ត្រី១នាក់ ដែលស្លាប់ក្នុងករណីកើតជំងឺគ្រុនឈាមក្រោយពេលសម្រាលកូនរួច ស្ថិតនៅក្នុងភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ ទោះបីអំណោយមានលក្ខណៈតិចតួចស្តួចស្តើងពុំអាចឆ្លើយតបទៅនឹងទំហំនៃការរងគ្រោះនេះក៏ពិតមែន ប៉ុន្តែយើងបានចូលរួមចំណែកក្នុងការជួយដោះស្រាយនូវបញ្ហាខ្វះខាតរបស់បងប្អូនបានមួយកម្រិតផងដែរ។ ម៉្យាងវិញទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលសាខាបានឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះដោយគ្រោះអគ្គិភ័យឆេះផ្ទះ រួមមាន អង្ករ ៥០គីឡូក្រាម មី ១កេស កៅស៊ូតង់ ១ផ្ទាំង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស ត្រីខ ១យួរ ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់ សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ១ ០០០ ០០០រៀល។ ដោយឡែក អំណោយដែលយកទៅជួយឧបត្តម្ភជូនគ្រួសារសពស្ត្រី ១នាក់ ដែលស្លាប់ក្នុងករណីកើតជំងឺគ្រុនឈាមក្រោយពេលសម្រាលកូនរួច រួមមាន ថវិកាសរុបចំនួន ៧០ម៉ឺនរៀលក្នុងនេះ ថវិកាសាខា ៥០ម៉ឺនរៀល ក្រុមចលនាស្ត្រីខេត្ត ២០ម៉ឺនរៀល សម្ភារៈអនុសាខា កក្រក ស្រុកពញាឮ មាន អង្ករ ១០០ គីឡូក្រាម មី ២កេស ទឹកសុទ្ធ ២កេស ទឹកស៊ីអ៊ីវ ២ យួរ ទឹកត្រី ២យូរ ត្រីខ ២យូរ ភេសជ្ជៈ ២យួរ មី ២កេស ឃីត ១កញ្ចប់៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





