នគរបាលខេត្តបន្ទាយមានជ័យដឹកជញ្ជូនពលករខ្មែរជាង ៨០នាក់ ពីច្រកប៉ោយប៉ែតទៅលំនៅឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥--កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានប្រើប្រាស់រថយន្តចំនួន៧គ្រឿង ដើម្បីដឹកជញ្ជូនពលករខ្មែរចំនួន៨០នាក់ ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ទៅកាន់លំនៅឋានរបស់ពួកគេកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ការដឹកជញ្ជូននេះគឺដោយឥតគិតថ្លៃ និងប្រកបដោយសុវត្ថិភាព។

លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរងផែនការងារកិច្ចការប៉ុស្តិ៍ បានប្រាប់ឱ្យដឹងថា ការអនុវត្តភារកិច្ចនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានដឹកនាំដោយផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាល១៥នាក់ សហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ចុះសម្របសម្រួលដល់ការឆ្លងដែនរបស់ពលករនៅច្រកទ្វារព្រំដែន។ ការជួយសម្រួលដល់ពលករទាំងនេះ គឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវរបស់អាជ្ញាធរ ដើម្បីធានាថាពួកគេអាចធ្វើដំណើរទៅដល់ផ្ទះសម្បែងដោយសុវត្ថិភាព។

ជាលទ្ធផល នៅថ្ងៃទី១៩ ខែសីហា ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទីល្ងាច កម្លាំងនគរបាលបានប្រើរថយន្តចំនួន៧គ្រឿង ដឹកជញ្ជូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃចំនួន៨០នាក់ ក្នុងនោះស្រី៣៩នាក់។ ពលករទាំង៨០នាក់ ត្រូវបានដឹកជញ្ជូនទៅកាន់លំនៅឋាននៅក្នុងខេត្តបន្ទាយមានជ័យផ្ទាល់តែម្តង។

ពលករខ្មែរជាច្រើនដែលបានវិលត្រឡប់មកវិញបានបង្ហាញការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរ និងសមត្ថកិច្ចដែលបានជួយសម្រួលដល់ពួកគេ។ ពលករបានលើកឡើងថា អាជ្ញាធរបានយកចិត្តទុកដាក់តាំងពីនៅច្រកព្រំដែន រហូតដល់ការដឹកជញ្ជូនទៅផ្ទះដោយឥតគិតថ្លៃ និងសុវត្ថិភាព។ ក្រៅពីនេះ ពួកគេក៏បានថ្លែងអំណរគុណចំពោះក្រុមការងារដែលបានជួយផ្តល់ព័ត៌មានអំពីឱកាសការងារនៅក្នុងប្រទេសកម្ពុជាផងដែរ៕

ដោយ ឈុន សារ៉ាត





