ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) អញ្ជើញចុះជួបសហគមន៍មូលដ្ឋានសម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម ទឹក និងជនបទ
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបប្រជុំពិភាក្សាជាមួយប្រធាន អនុប្រធាន សមាជិកសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង ដើម្បីចុះអនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម ទឹក និងជនបទ ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ក្នុងក្របខណ្ឌត្រីវិស័យ និងគម្រោង CASDP។

ឯកឧត្ត ហ៊ាន វណ្ណហន បានគូសបញ្ជាក់ថា សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹងបានចុះកិច្ចព្រមព្រៀងជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) គាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក ដែលរួមមានទុនបំពេញបន្ថែម៤០ភាគរយលើការវិនិយោគរបស់សហគមន៍ និងការគាំទ្រខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈសរុបចំនួន១,២លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់សកម្មភាពផលិតកម្មកម្រិតសហគមន៍របស់ខ្លួន ក្នុងនោះសម្រាប់គាំទ្រផ្ទាល់ដល់ផលិតកម្មម្ទេស និងរៀបចំជាប្រព័ន្ធស្រោចស្រព ដោយមានការបំពាក់ទុយោមេចែកចាយទឹកធ្វើកសិកម្មដល់ទូទាំងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង។ សហគមន៍កសិកម្មទំនើបនេះមានធុរកិច្ចម្ទេស១៣៣គ្រួសារ លើផ្ទៃដីដាំដុះ៣៨ហិកតា ដោយរួមបញ្ចូលការសាងសង់ប្រព័ន្ធស្រោចស្រព ស្តារអាងទឹក ជីកស្រះ និងតទុយោទឹកបញ្ជូនទឹកដល់ចម្ការម្ទេស។

បន្ទាប់ពីជំនួបពិភាក្សាគណៈប្រតិភូ និងតំណាងសហគមន៍បានចុះពិនិត្យទីតាំងផលិតកម្មម្ទេសកំពុងឈូសឆាយ ដោយទីតាំងនេះនឹងតភ្ជាប់ជាមួយប្រព័ន្ធស្រោចស្រពពីទុយោមេចែកចាយទឹកបានអនុម័តដេញថ្លៃសាងសង់ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៦ខាងមុខដោយប្រើប្រាស់កញ្ចប់ថវិកាគម្រោង CASDP ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងកសិកម្ម)





