សិស្សថ្នាក់ទី១២ខេត្តកំពតរំពឹងថានឹងជាប់និទ្ទេសល្អច្រើននៅក្នុងការប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំនេះ
AKP កំពត ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥-- ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៤-២០២៥ និងធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែសីហាខាងមុខនេះ ហើយសិស្សានុសិស្សថ្នាក់ទី១២នៅខេត្តកំពតបានប្រាប់ថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ បើទោះជាពេលនេះមានអារម្មណ៍ភ័យខ្លះ អរខ្លះក៏ពិតមែន ប៉ុន្តែតាមរយៈលទ្ធផលនៃការប្រឹងប្រែងរៀនសូត្រកន្លងមក ពួកគេរំពឹងថានឹងប្រឡងជាប់និទ្ទេសល្អច្រើន។

សិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន (កំពតក្រុង) បានឱ្យដឹងថា ពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែសីហាខាងមុននេះ។ ក្រុមសិស្សដែលជ្រើសរើសយកផ្នែកវិទ្យាសាស្ត្រទាំងនោះបានគូសបញ្ជាក់ថា ពួកគេរំពឹងយ៉ាងមុតមាំថានឹងប្រឡងជាប់និទ្ទេសល្អ ខណៈដែលអំឡុងពេលឈប់សម្រាកនេះ ជាពេលរំលឹកមេរៀន និងធ្វើលំហាត់ចាស់ៗឡើងវិញ ដោយការកំណត់ពេលវេលាធ្វើឱ្យកាន់តែខ្លីរហ័សជាងមុន ហើយខំព្យាយាមថែសុខភាព ពង្រឹងស្មារតី ដើម្បីប្រមូលអារម្មណ៍ឱ្យល្អ និងមានសមាធិខ្ពស់ នៅថ្ងៃប្រឡងមកដល់។


លោក សូ ភារិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា ២០២៥ ខាងមុខនេះ ខេត្តកំពតមាន១០មណ្ឌលស្មើ២១៥បន្ទប់ មានបេក្ខជនសរុប៥៣១៧នាក់ (ស្រី២៩៩៥នាក់) ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន៣មណ្ឌល (វិទ្យាល័យកំពតក្រុង២មណ្ឌល និងអនុវិទ្យាល័យហ៊ុនសែនអង្គរជ័យ១មណ្ឌល) ស្នើ៥៥បន្ទប់ មានបេក្ខជនសរុប១៣៤៤នាក់ (ស្រី៨៥៨នាក់)។ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន៧មណ្ឌល (វិទ្យាល័យព្រះរាជសម្ភារ វិទ្យាល័យឌីប៉ុកសាមគ្កី វិទ្យាល័យត្រសេកកោង អនុវិទ្យាល័យហ៊ុនសែនជុំគ្រៀល វិទ្យាល័យព្រះនរោត្តមរណឫទ្ធិ វិទ្យាល័យសម្តេចជាស៊ីមអង្គរជ័យ និងសាលាបឋមសិក្សាអេងមាសតានី) មាន១៦០បន្ទប់ បេក្ខជនសរុប ៣៩៧៣នាក់ ស្រី២១៣៧នាក់៕
ដោយ ប្រាក់ លាង





