ក្រសួងការបរទេស៖ ក្រោយបទឈប់បាញ់ ថៃនៅតែមានការរំលោភបំពានមួយចំនួន ដែលធ្វើឱ្យបទឈប់បាញ់ផុយស្រួយ
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥–ឯកឧត្តម នង សាកល អ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជាបានថ្លែថា៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសបានបញ្ជាក់ប្រាប់ដល់សមាជិកអង្គទូត និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥ថា៖ តាមការសង្កេតក្រោយបទឈប់បាញ់នេះមកមានការរំលោភបំពាន ខ្លះៗពីភាគីថៃ រួមទាំងសកម្មភាពយោធាតាមរយៈដូចជា រាយបន្លាលួស ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជនស៊ីវិល រួមទាំងនៅក្រៅក្របខណ្ឌនៃតំបន់ជម្លោះមួយចំនួនទៀត ក្នុងនោះដូចជា តាមបណ្តាខេត្តព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងបន្ទាយមានជ័យ ។

ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យរងក្រសួងការបរទេស ឯកឧត្តម នង សាកល បានឱ្យដឹងថា៖ក្រៅពីមានសកម្មភាពទាំងនេះ កងទ័ពថៃ បានកសាងផ្លូវថ្នល់ថ្មី ជីកលេណដ្ឋាន និង ទីជម្រកនៅតំបន់ជម្លោះ និង រួមទាំងបន្តឃុំខ្លួនកងកម្លាំងកម្ពុជាទាំង១៨នាក់រហូតមកដល់សព្វថ្ងៃនេះ។សកម្មភាពទាំងនេះធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នា និងធ្វើឱ្យបទឈប់បាញ់ផុយស្រួយ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងដោយបញ្ជាក់បន្ថែមថា៖ កម្ពុជាបានយកចិត្តទុកដាក់ចំពោះកិច្ចព្រមព្រៀងដែលបានឯកភាគ្នាទាំង១៣ចំណុចនិងស្មារតីនៃ MOU ឆ្នាំ ២០០០ ហើយកម្ពុជាសង្ឃឹមថា ភាគីថៃនឹងឆ្លើយតបដូចដែលកម្ពុជាបានធ្វើ។
ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថា ដោយមើលឃើញពីភាពផុយស្រួយនៃជម្លោះវិវាទនេះហើយទើបកម្ពុជាបានព្រមព្រៀងបង្កើតឱ្យមានអ្នកសង្កេតការណ៍អាស៊ាន និង ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នតបតាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការរួមព្រំដែនទូទៅកម្ពុជា-ថៃ(GBC)កាលពីថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៥។ទាក់ទិនក្នុងរឿងនេះកម្ពុជាបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលដល់បេសកម្មរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)។ក្រុមអ្នកសង្កេតការណ៍ទាំងអស់សុទ្ធតែមានសារៈសំខាន់ការអនុវត្តពេញលេញនូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។
ក្រៅពីនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងដោយលើកឡើងពី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់ប្រាប់ដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាកាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៥ដែរថា៖កម្ពុជា និង ថៃ អាចស្រាវជ្រាវ ឬ កំណត់ព្រំដែនអាទិភាព សម្រាប់ការបោសសំអាតមីនមនុស្សធម៌ជាពិសេសតំបន់ណាដែលមានមនុស្សរស់នៅ និង កន្លែងណាដែលការបោសសំអាតមីនទាំងអស់នោះបម្រើដោយផ្ទាល់ ដល់តម្រូវការសេដ្ឋកិច្ចសង្គម ការពារអាយុជីវិតដល់ជនស៊ីវិលប្រទេសទាំងពីរ និង គាំទ្រដល់ស្ថេរភាពតំបន់ផងដែរ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន បានដឹកនាំកិច្ចប្រជុំដើម្បីជម្រាបជូនពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេសចំនួន៤២ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន២២ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ មករា





