ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគ ទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបូរី-ត្រាតរបស់ថៃជួបប្រជុំគ្នានៅព្រឹកនេះ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥–
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា នៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះគឺមានកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបូរី-ត្រាតរបស់ថៃ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅខេត្តប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងឱ្យដឹងពីអ្នកនាំពាក្យក្រសួងការពារជាតិយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា មានសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបូរី-ត្រាតរបស់ថៃ នាថ្ងៃនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំងពីរអាចជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឱ្យបានឆាប់
រហ័ស៕
ដោយ៖ ចាន់ សុភឿន





