ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំក្រុមការងារទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវជនបទ និងស្ពានបេតុងថ្មី
AKP ភ្នំពេញ ថ្ងៃ២៥ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំ មន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ នារសៀលថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវជនបទចំនួន១ខ្សែ ស្ថិតនៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ និងកាដ្ឋានសាងសង់ស្ពានបេតុងថ្មីមួយកន្លែងស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ផ្លូវនេះមានឈ្មោះ (ព្រៃវាំង-ដំណាក់ទ្រព្យ) មានប្រវែងសរុប៨,៣៥គ.ម. ទទឹងប្រវែង៦ម៉ែត្រ ចិញ្ចើមសងខាងប្រវែង១ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង៨គ.ម និងក្រាលបេតុង (RC) ០,៣៦គ.ម មានសំណង់សិល្បការ្យជាលូប្រអប់ចំនួន២កន្លែង លូមូលចំនួន១៧ កន្លែង តភ្ជាប់ពីភូមិបួជ្រេស ទៅដល់ភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ វឌ្ឍនភាពសម្រេចលទ្ធផលបាន ៩៥% ដោយមានប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ០៩៦គ្រួសារ ស្មើនឹង ៤ ៦៤២ នាក់ និងទទួលផលប្រយោជន៍ដោយប្រយោលចំនួន ៥ ២៣០គ្រួសារ ស្មើនឹង ២៣ ១៦៧នាក់។ ខ្សែផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ។

បន្ទាប់ពីបានពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវខាងលើរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានបេតុងថ្មីមួយកន្លែងឆ្លងកាត់ស្ទឹងពោធិ៍សាត់ ដែលតភ្ជាប់ពី ភូមិបោះពួយ ឃុំលាច ទៅកាន់ភូមិព្រែកបី ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានប្រវែង១៤៤ម៉ែត្រ ទទឹង១០ម៉ែត្រ អនុវត្តដោយកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្នសម្រេចបានប្រមាណ១៧% ដែលនឹងត្រូវជំនួសស្ពានដែកបេឡេតិ៍ចាស់ទ្រុឌទ្រោមប្រវែង១៣៨ម៉ែត្រ ទទឹង៤ម៉ែត្រ ដែលរងការខូចខាតយ៉ាងខ្លាំងនៅផ្នែកសសរគ្រឹះខាងក្រោមដែលអាចបង្កជាគ្រោះថ្នាក់ជាយថាហេតុ។

នាឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យកាដ្ឋានសាងសង់ផ្លូវ និងស្ពានទាំងពីរកន្លែងនោះ អាជ្ញាធរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ បានសម្ដែងនូវសេចក្ដីសាទររីករាយ និងថ្លែងអំណរគុណជាពន់ពេកចំពោះរាជរដ្ឋាភិបាល ដែលជានិច្ចការតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានដោះស្រាយការលំបាកឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ បានគ្រប់កាលៈទេសៈ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





