មន្រ្តីក្រសួងអប់រំកំពុងមមាញឹករាប់ស្រោមវិញ្ញាសា និងរៀបចំហឹបវិញ្ញាសាត្រៀមបញ្ជូនទៅតាមបណ្ដារាជធានី-ខេត្ត
AKP ភ្នំពេញ ថ្ងៃ២៥ ខែសីហា ឆ្នាំ២០២៥-- គណ:មេប្រយោគទូទាំងប្រទេស និងប្រធានអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ កំពុងមានភាពមមាញឹកក្នុងការរាប់ស្រោមវិញ្ញាសា និងរៀបចំហឹបវិញ្ញាសាត្រៀមសម្រាប់ដឹកជញ្ជូនទៅកាន់បណ្ដារាជធានី-ខេត្ត ដើម្បីធានាថាការដឹកជញ្ជូននឹងប្រព្រឹត្តទៅដោយសុវត្ថិភាព។ ក្រសួងអប់រំបានឱ្យដឹងថា ហឹបវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវដឹកយកទៅកាន់រាជធានី-ខេត្ត នៅថ្ងៃចន្ទពេលព្រឹក ដោយមានការចូលរួមពីគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ អង្គភាពប្រឆាំងអំពើពុករលួយ និងកងកម្លាំងសមត្ថកិច្ច។

ប្រភពដដែលនេះបានឱ្យដឹងបន្ថែមថាតាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រិរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធានាបានថាការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី-ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។

ដោយឡែកសម្រាប់មណ្ឌលសំណេរ មានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ៕

ដោយ៖ មករា





