ឯកឧត្តម ប៊ុន ហ៊ាន អញ្ជើញចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ និងស្ថានភាពទឹកនៅទំនប់អាងទឹកតាសាលក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូ ធនាគារ India Exim Bank និងក្រុមហ៊ុនទីប្រឹក្សា Water and Power Consultancy Services Ltd (WAPCOS) អមដោយមន្រ្តីបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីសាធារណរដ្ឋឥណ្ឌា និងមន្រ្តីបច្ចកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងដែលត្រូវសាសង់ទំនប់អាងទឹកនៃគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ដែលមានទីតាំងស្ថិតនៅក្នុងឃុំចំការបុក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ឈានដល់ដំណាក់កាលជ្រើសរើសក្រុមហ៊ុនសាងសង់ ហើយអាចនឹងចាប់ដំណើរការសាងសង់នៅចុងឆ្នាំ២០២៥នេះ។ ទំនប់អាងទឹកស្ទឹងស្វាហាប់នេះ នៅពេលសាងសង់ចប់ នឹងជួយកាត់បន្ថយទឹកជំនន់នៅផ្នែកខាងក្រោម និងស្តុកទឹកបានជាង ១៥៣លានម៉ែត្រគូប ដែលបម្រើឱ្យវិស័យកសិកម្ម ទឹកស្អាត ឧស្សាហកម្ម ការចិញ្ចឹមសត្វ និងវិស័យផ្សេងៗទៀត។


ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានដឹកនាំគណៈប្រតិភូ និងក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក រួមទាំងកិច្ចប្រតិបត្តិការទំនប់អាងទឹកតាសាលផងដែរ។ ទំនប់អាងទឹកតាសាល ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ដែលបានសាងសង់រួចរាល់នៅឆ្នាំ២០១៥ ក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋឥណ្ឌា៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





