ក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប និងអាចារ្យលាក់ខេត្តកំពង់ធំរកបាន៣ពិន្ទុដូចគ្នាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥--ក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប និងក្រុមអាចារ្យលាក់ខេត្តកំពង់ធំរកបាន៣ពិន្ទុដូចៗគ្នា បន្ទាប់ពីបានយកឈ្នះលើគូប្រកួតរៀងៗខ្លួនដោយលទ្ធផល ២-០ ដូចគ្នា ក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល-ង កាលពីល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល ២០២៥-២០២៦។

ក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ដែលរកបាន៣ពិន្ទុនេះ គឺក្រោយពីបានយកឈ្នះក្រុមម្ចាស់ផ្ទះ ខេត្តឧត្តរមានជ័យ ២-០ ដោយធ្វើសម្រេចដោយកីឡាករ លី ឌុច នៅនាទី៣៨ និងដោយកីឡាករ វ៉ាន់ លុច នៅនាទី ៨៣។ ឆ្លងកាត់៥ប្រកួត ក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ឈ្នះ៤ និងស្មើ១ មាន១៣ពិន្ទុ បន្តឈរក្តោបក្តាប់តំណែងលើកំពូលតារាងពូល-ង ខណៈ៥ប្រកួតរបស់ខេត្តឧត្តរមានជ័យ ឈ្នះ២ ស្មើ១ និងចាញ់២ មាន៧ពិន្ទុ ឈរលេខ៣។

ចំពោះក្រុមអាចារ្យលាក់ខេត្តកំពង់ធំបានយកឈ្នះក្រុមព្រះវិហារស៊ីធី ២-០ ដោយធ្វើសម្រេចគ្រាប់បាល់ដោយកីឡាករ អ៊ាន ប៊ុនធឿនបញ្ញា នៅនាទី៧១ និងកីឡាករ ហ៊ឹម វិទូ នៅនាទី៨៩។ ឆ្លងកាត់៥ប្រកួត ក្រុមអាចារ្យលាក់ខេត្តកំពង់ធំ ឈ្នះ២ ស្មើ២ និងចាញ់១ មាន៨ពិន្ទុ ឈរលេខ២ ស្របពេលដែល៥ប្រកួតរបស់ក្រុមព្រះវិហារស៊ីធី ចាញ់ទាំង៥ប្រកួត ឈរនៅបាតតារាង ក្នុងចំណោម៤ក្រុម ក្នុងពូល-ងនេះ។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តនេះមានក្រុមតំណាងរាជធានីខេត្តចូលរួមសរុប១៩ក្រុម ដោយចែកពី៥ពូល ដោយដំណើរសន្សំពិន្ទុរហូតដល់ខែធ្នូ ឆ្នាំ២០២៥ ដើម្បីស្វែងរកក្រុមជ័យលាភីថ្នាក់ខេត្តឡើងទៅប្រកួតនៅថ្នាក់ជាតិជាមួយក្រុមនានា ដែលកំពុងឈរជើងនៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ដែលមាន១១ក្រុម៕

ដោយ ហេង ណាលីន (រូបភាព៖ Hun Sen Cup)





