វគ្គគ្រូបង្វឹកកីឡាតេក្វាន់ដូ WT ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក ឱ្យកាន់តែច្បាស់នូវវិធីសាស្ត្រហ្វឹកហាត់ដល់សិស្សគុនតាមក្លឹបនានា
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥--ខេមរសហព័ន្ធតេក្វាន់ដូបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាតេក្វាន់ដូ W T កម្រិតមូលដ្ឋាន ឆ្នាំ២០២៥ រយៈពេល៤ថ្ងៃ ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នៅសាលហ្វឹកហាត់ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹកកាន់តែច្បាស់នូវវិធីសាស្ត្រហ្វកហាត់ដល់សិស្សគុនតាមបណ្តាក្លឹបជាសមាជិកនានា។

ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាតេក្វាន់ដូ WT ថ្នាក់មូលដ្ឋាននេះទទួលបានការអញ្ជើញចូលរួមពី លោក គង់ សក្ខិដា អគ្គលេខាធិការរង នៃខេមរសហព័ន្ធតេក្វាន់ដូ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងលោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិ និងជាគ្រូឧទ្ទេស តំណាងឱ្យស្ថាប័ន KUKKIWON ដោយមានសិក្ខាកាមចូលរួម ៣៥នាក់។

លោក គង់ សក្ខិដា បានគូសបញ្ជាក់ថា វគ្គគ្រូបង្វឹកកីឡាតេក្វាន់ដូ WT នេះដោយមានសិក្ខាកាម ៣៥នាក់មកភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ វគ្គនេះផ្តោតសំខាន់ទៅលើគ្រូបង្វឹក កីឡាតេក្វាន់ដូ WT ក្នុងការពង្រឹងសមត្ថភាព គ្រូបង្វឹកឱ្យកាន់តែច្បាស់នូវការហ្វឹកហាត់សិស្សតាមក្លឹបនៅតាមបណ្តាលខេត្តនានា ក្នុងប្រទេសកកម្ពុជា ។

លោកអគ្គលេខាធិការរងបានបន្ថែមថា វគ្គនេះពិតជាសំខាន់ណាស់ ក្នុងការជួយពន្លឿនដល់ការអភិវឌ្ឍ របស់ខេមរសហព័ន្ធតេក្វាន់ដូឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ហើយក៏ជាជាឱកាសដល់សិក្ខាកាមទាំងអស់បានក្រេបយកចំណេះដឹងថ្មីៗ និងទទួលបាននូវបទពិសោធជាច្រើនទៀតពីគ្រូបង្គោល ជាគ្រូបង្វឹកអន្តរជាតិត្រៀមខ្លួន ក្លាយជាគ្រូបង្វឹកថ្នាក់ជាតិបន្តវេនជំនាន់ក្រោយៗ។ តាមរយៈការខិតខំប្រឹងប្រែងជាជំហានៗនេះ ក៏ជាក្តីសង្ឃឹម សម្រាប់ខេមរសហព័ន្ធតេក្វាន់ដូ នៃការផ្សព្វផ្សាយប្រភេទកីឡាតេក្វាន់ដូWT ឱ្យបានទូលំទូលាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នាពេលអនាគត ហើយក៏ត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិនានា។

បន្ថែមពីលើនេះ លោក គង់ សក្ខិដា លើកឡើងទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ ថ្នាក់ជាតិនាពេលនេះ គឺសហព័ន្ធមានគោលដៅចង់ឱ្យសិក្ខាកាមយកចំណេះដឹងទាំងនេះទៅបន្តបង្ហាត់បង្រៀននៅតាមទីតាំងរៀងៗខ្លួន សម្រាប់ត្រៀម ចូលរួមកម្មវិធីប្រកួតកីឡា តេក្វាន់ដូWT នានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ៕
ដោយ ហេង ណាលីន





