យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខេត្តលេខ២៦៨ ត្រូវផ្អាកចរាចរណ៍បណ្តោះអាសន្ន
AKP បន្ទាយមានជ័យ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥-- មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសជូនដំណឹងជាបន្ទាន់ដល់សាធារណជន និងអ្នកធ្វើដំណើរទាំងអស់ឱ្យផ្អាកចរាចរណ៍បណ្តោះអាសន្ននូវយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខេត្តលេខ២៦៨អា ចាប់ពីទីរួមស្រុកភ្នំស្រុក ដល់អាងត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយសារស្ថានភាពជំនន់ទឹកភ្លៀង កំពុងហូរកាត់ និងលិចផ្លូវ។ ការសម្រេចផ្អាកចរាចរណ៍នេះ គឺធ្វើឡើងលើកំណាត់ផ្លូវខេត្តលេខ២៦៨អា ចាប់ពី គីឡូម៉ែត្រ ១៦+០០០ (ទីរួមស្រុកភ្នំស្រុក) ដល់គីឡូម៉ែត្រ ២៣+០០០ (អាងត្រពាំងថ្ម)។ ជំនន់ទឹកភ្លៀងនេះបានកើតឡើងបន្ទាប់ពីតំបន់មួយចំនួនក្នុងខេត្តបានទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នេះថា ការផ្អាកចរាចរណ៍បណ្តោះអាសន្នលើប្រភេទយានយន្តធុនធំនេះ គឺមានគោលបំណងសំខាន់បំផុតគឺ ថែរក្សាផ្លូវថ្នល់ និងស្ពាន កុំឱ្យរងការខូចខាត ឬបាក់ស្រុតធ្ងន់ធ្ងរ ព្រមទាំងធានាដល់សុវត្ថិភាពចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

ចំណែកឯ លោក ហី រីហាំង អភិបាលរងស្រុកភ្នំស្រុក បានឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅពេលនេះ គឺបង្កឡើងដោយភ្លៀងធ្លាក់ជាប់ៗគ្នាចាប់តាំងពីក្រោយពិធីបុណ្យភ្ជុំបិណ្ឌមក និងមានទឹកហូរធ្លាក់មកពីប៉ែកខាងខេត្តឧត្តរមានជ័យផងដែរ។ ស្ថានភាពនេះបានធ្វើឱ្យទឹកស្ទឹងស្រែងឡើងជន់លិច ស្រែស្រូវ ភូមិឋាន និងផ្លូវថ្នល់មួយចំនួនដូចជានៅឃុំណាំតាវ ស្ពានស្រែង ភ្នំដី និងស្រះជីក។ ទោះបីជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ស្ថានភាពនេះនៅមិនទាន់ធ្ងន់ធ្ងរខ្លាំងនៅឡើយទេ។ ទឹកអាងត្រពាំងថ្មក៏បានឡើងខ្លាំងផងដែរ។ ជុំវិញបញ្ហាទឹកជំនន់ដែលកំពុងប៉ះពាល់ដល់តំបន់ខ្លះក្នុងស្រុកភ្នំស្រុកនេះ រដ្ឋបាលស្រុកកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងបានត្រៀមលក្ខណៈគ្រប់មធ្យោបាយរួចជាស្រេច ដើម្បីអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋប្រសិនបើទឹកជំនន់នៅតែបន្តជន់លិចខ្លាំងជាងនេះ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ពិសេសម្ចាស់យានយន្តដឹកជញ្ជូនទំនិញធុនធំទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សាផ្លូវថ្នល់ និងស្ពានឱ្យប្រើប្រាស់បានយូរអង្វែង៕
ដោយ ឈុន សារ៉ាត





