លោក ខ្លូត ចិន្ដា៖ ៣ចំណុចជាការងារសំខាន់ក្នុងការគ្រប់គ្រង និងស្វែងរកការងារជូនពលករខ្មែរ ដែលវិល ត្រឡប់ពីប្រទេសថៃមកស្រុកកំណើត
AKP កំពង់ចាម ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥-- លោក ខ្លូត ចិន្ដា អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា ៣ចំណុចជាការងារសំខាន់ក្នុងការគ្រប់គ្រង និងស្វែងរកការងារជូនពលករខ្មែរ ដែលវិល ត្រឡប់ពីប្រទេសថៃមកស្រុកកំណើត ដែល រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និង គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវត្រូវ យកចិត្តទុកដាក់និង អនុវត្តនោះ គឺ ទី១- មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំផែនការ និងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងគោលដៅផ្សេងៗទៀត ប្រសិនបើមានផលប្រយោជន៍ ដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ។ ទី២- រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវចុះទៅជួបសម្ភាស៍ជាមួយពលករដល់ខ្នងផ្ទះ ដែលមានពលករមកពីប្រទេសថៃ) និងទី៣- ករណីពលករខ្វះឯកសាណាមួយ ឬជួបបញ្ហាផ្សេងៗ ត្រូវរាយការណ៍មកក្រុមការងារ ថ្នាក់ខេត្ត ដែលមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ។

លោកអភិបាលរងខេត្តលើកឡើងដូចនេះក្នុងពិធីផ្សព្វផ្សាយលទ្ធផលការងារ គ្រប់គ្រង រកការងារឱ្យពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតដែលរៀចំដោយ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវដឹងចំនួនច្បាស់ លាស់ចំនួនគ្រួសារពលករក្នុងមូលដ្ឋានរបស់ខ្លួនរួច សួរអំពីព័ត៌មាន ក្នុងរណីពលករខ្វះឯកសាណាមួយ ឬជួបបញ្ហាផ្សេងៗ ហើយចង់ ស្វែងរកការងារ សម្រាប់ដោះស្រាយជីវភាពគ្រួសារ ត្រូវរាយការណ៍មកក្រុមការងារ ថ្នាក់ខេត្ត ដែលមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ។

លោក ចេង ហ៊ាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានឱ្យដឹងថា មកដល់ពេលនេះខេត្តកំពង់ចាមទទួលបាន ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃមកដល់ស្រុកកំណើតវិញ សរុបមានចំនួន ៦ ១៩៧នាក់/ ស្រី ២ ៨៦០នាក់ ក្នុងនោះពលករ បានស្វែងរកការងារធ្វើ បានមានចំនួន ១៤៩៨នាក់ ហើយចំនួន៧៦នាក់មានមុខរបរខ្លួនឯង ។ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាខេត្ត នៅបន្តការផ្សព្វផ្សាយការចុះឈ្មោះស្វែងរកការងារធ្វើ ដល់ពលករ តាមរយៈ QR code រកការងារ ប្រព័ន្ធ Hotline 1297 អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ និងក្រុមការងារ ស.ស.យ.ក ឃុំ/សង្កាត់ មានគោលដៅ ៩ស្រុក និង៣៦ឃុំ៕
ដោយ ឆាយ ម៉ុត





