គណៈប្រតិភូនាំមុខរបស់ឥណ្ឌាទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីត្រៀមរៀបចំ ទទួលដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឥណ្ឌា នាពេលខាងមុខ
AKP សៀមរាប ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥-- លោក Dharam Meena គណៈប្រតិភូនាំមុខរបស់ឥណ្ឌា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ បានធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Narendra Modi នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា នាពេលខាងមុខ។ ក្នុងដំណើរទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះដែរក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងលោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យបង្អែកខេត្តចូលរួមផងដែរ។

ឯកឧត្តម វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនាពេលនេះ គឺមានគោលបំណងដើម្បីពិភាក្សាលើការងារមួយចំនួន ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ ដោយផ្តោតលើ ការរៀបចំរថយន្តសង្គ្រោះត្រូវតាមស្តង់ដាអន្តរជាតិ ការតាមដានបញ្ហាហានិភ័យលើសុខភាពផ្សេងៗទៀត។ គណៈប្រតិភូក៏បានជួបពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតសង្គ្រោះបន្ទាន់ វេជ្ជបណ្ឌិតខាងវះកាត់ វេជ្ជបណ្ឌិតខាងឯកទេសបេះដូង និងបានទៅមើលកន្លែងវះកាត់សង្គ្រោះបន្ទាន់ ពិនិត្យមើលបរិក្ខារនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវនឹងស្តង់ដា ដែលទទួលយកបាន ក្នុងនាមគាត់គ្រូពេទ្យប្រចាំរបស់នាយករដ្ឋមន្ត្រី។

លោកវេជ្ជបណ្ឌិត Dharam Meena បានលើកសសើរដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ថាស្អាតដូចទៅនឹងមន្ទីរពេទ្យដ៏ប្រណិតមួយនៅប្រទេសរបស់គាត់ចឹងដែរ។ ហើយនេះជាលើកទី១ ដែលលោកបានអញ្ជើញមក ដូច្នេះហើយ លោកវេជ្ជបណ្ឌិតក៏បានលើកពីកិច្ចសហប្រតិបត្តការសហការណ៏ផ្នែកសុខាភិបាលជាមួយគ្នាផងដែរ។

សូមបញ្ជាក់ថា កន្លងមកខេត្តសៀមរាបតែងតែបានទទួលគណៈប្រតិភូជាន់ខ្ពស់ធំជាច្រើនរួមទាំងថ្នាក់ដឹកនាំ និងភរិយាថ្នាក់ដឹក នៃប្រទេសមហាអំណាចធំៗ នៅលើពីភពលកផងដែរ។ ហើយមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏តែងតែធ្វើការផ្តល់សេវាជូនប្រកបដោយគុណភាព និងទទួលបានភាពជោគជ័យជាបន្តបន្ទាប់៕
ដោយ ឃុត សៅ





