ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥-- អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស បណ្តុះបណ្តាល និងសិក្សាស្រាវជ្រាវក្នុងវិស័យរ៉ែ ថាមពល និងប្រេងកាត ត្រូវបានចុះហត្ថលេខាជាផ្លូវការ នាថ្ងៃទី០២ ខែតុលា ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
អនុស្សរណៈនេះមានគោលបំណងបង្កើន និងពង្រឹងសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្ស បណ្តុះបណ្តាល និងសិក្សាស្រាវជ្រាវវិស័យរ៉ែ ថាមពល និងប្រេងកាត ក្នុងស្មារតីសហការទទួលខុសត្រូវ បំពេញផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងអភិវឌ្ឍន៍ឆ្ពោះទៅមុខឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យា ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់កម្ពុជា។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម កែវ រតនៈ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការកសាងធនធានមនុស្សប្រកបដោយគុណភាព និងវឌ្ឍនភាពគួរជាទីមោទនៈរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ហើយថាអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខានាពេលនេះមិនត្រឹមតែជាការឆ្លើយតបទៅនឹងការអំពាវនាវ និងផែនការរបស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ តែនេះក៏ជាការបង្ហាញនូវទឹកចិត្តរបស់អតីតនិស្សិត ដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យរ៉ែ និងថាមពល។ អនុស្សរណៈនៃការយោគយល់គ្នានេះគឺជាការបន្តនូវទំនាក់ទំនង និងឱកាសសម្រាប់និស្សិតក៏ដូចជាសាស្ត្រាចារ្យ ក្នុងការធ្វើការសិក្សាស្រាវជ្រាវ និងចុះកម្មសិក្សា សំដៅពង្រីកនូវឱកាសបន្ថែមសម្រាប់កិច្ចសហការរវាងក្រសួង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ក្រសួងរ៉ែ និងថាមពលដល់ការអភិវឌ្ឍវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ការស្រាវជ្រាវក្នុងការអភិវឌ្ឍធនធានមនុស្ស និងបានបញ្ជាក់ថា ពេលប្រទេសមួយមានប្រព័ន្ធអប់រំខ្លាំង នឹងមានថាមពលបង្កើត និងទាក់ទាញមនុស្សមានទេពកោសល្យ សមត្ថភាពកាន់តែច្រើន ដើម្បីចូលរួមអភិវឌ្ឍប្រទេស ហើយប្រទេសដែលអាចដឹកនាំឈានមុខលើវិស័យបច្ចេកវិទ្យា នឹងអាចជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបានឆាប់រហ័ស។ សម្រាប់កម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាគឺជាឆ្អឹងខ្នងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលចាំបាច់ត្រូវតែបន្តពង្រឹងកម្មវិធីបង្រៀនជាប្រចាំ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពឆ្លើយតបនឹងទីផ្សារជាក់ស្តែង ដែលមិនមែនគ្រាន់តែរៀនចេះតែទ្រឹស្តីនោះទេ ដែលការណ៍នេះទាមទារចាំបាច់នូវការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





