ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញបើក “សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព”
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព” នៅសណ្ឋាគារ Sun & Moon Hotel ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ ក.ប.ទ. តំណាងវិស័យអប់រំ និងវិស័យឯកជន ប្រមាណ ១៥០រូប។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្លោដបានក្លាយជាបច្ចេកវិទ្យាគ្រឹះមួយដែលមិនអាចខ្វះបានដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជន។ ដូច្នេះហើយ ក.ប.ទ. បានផ្តោតលើការជំរុញបច្ចេកវិទ្យានេះ ទាំងផ្នែកបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស និងឯកសារគោលនយោបាយ។ សេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព ដែលបាននិងកំពុងរៀបចំនេះ គឺស្របតាមនិន្នាការតំបន់ អាស៊ាន និងអន្តរជាតិ ដោយផ្សារភ្ជាប់នឹងបរិបទកម្ពុជា។ គោលនយោបាយនេះ នឹងរំលេចអំពីយន្តការអនុវត្ត ការសាងសមត្ថភាព និងការគ្រប់គ្រងហានិភ័យ ដែលនឹងជំរុញក្រសួង ស្ថាប័ន ឱ្យចាប់យកបច្ចេកវិទ្យាក្លោដមកប្រើប្រាស់ក្នុងស្ថាប័នរបស់ខ្លួន។ ជាមួយគ្នានេះដែរ ក្រុមការងាររៀបចំ បានសិក្សាពីតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យានេះពីក្រសួង ស្ថាប័នជាតិ ក្រុមហ៊ុនបច្ចេកវិទ្យា ព្រមទាំងបានសិក្សាលើឯកសារនានារបស់ស្ថាប័នអន្តរជាតិ ជាអាទិ៍ អាស៊ាន ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុនបច្ចេកវិទ្យាល្បី ជាដើម ដើម្បីធ្វើឱ្យសេចក្តីព្រាងគោលនយោបាយនេះកាន់តែគ្រប់ជ្រុងជ្រោយ។


ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់អង្គសិក្ខាសាលាទាំងមូលខិតខំឈ្វេងយល់ ចែករំលែកបទពិសោធ និងពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទទាំងអស់នៅក្នុងកិច្ចពិភាក្សា ដើម្បីបង្កើនចំណេះដឹងក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សំដៅគាំទ្រដល់ដំណើរការបរិវត្តកម្មឌីជីថលពេញលេញនៅកម្ពុជា៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





