ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងមន្ទីរជំនាញ ស្តារប្រឡាយ ភូមិចាក់ជ្រូក ភូមិចំការឪឡឹក បញ្ចៀសការលិចលង់ទឹកភ្លៀងផ្ទះប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងមន្ទីរជំនាញ ចុះស្តារប្រឡាយ នៅក្នុងភូមិចាក់ជ្រូក និងភូមិចំការឪឡឹក ក្នុងសង្កាត់ចោមចៅ៣ និងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ចៀសការលិចលង់ទឹកភ្លៀងផ្ទះប្រជាពលរដ្ឋ នារដូវវស្សា។ ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះ ខណៈឯកឧត្តម និងមន្ដ្រីជំនាញ ចុះពិនិត្យប្រឡាយនៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី៣ និងបន្តពិនិត្យមើលប្រឡាយចំការ ឪឡឹក ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ ជីកស្តារប្រឡាយ ក្នុងភូមិចាក់ជ្រូក និងស្តារប្រឡាយ ក្នុងភូមិចំការឪឡឹក ក្នុងសង្កាត់ចោមចៅទី៣ និងក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ សំដៅធ្វើយ៉ាងណារំដោះទឹក កុំឱ្យលិចលង់នៅតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពិសេសនៅតំបន់ដងនង្គ័ល ពោធិ៍ចិនតុងនោះតែម្ដង ។ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការរាជធានីភ្នំពេញចុះពិនិត្យ និងសិក្សាបន្ថែម ដើម្បីដាក់លូប្រអប់ នៅចំណុចផ្លូវឆ្លងកាត់។ ក្រោយការសិក្សាបានលម្អិតហើយ នៅរដូវប្រាំងខាងមុខនេះការដ្ឋានដាក់លូប្រអប់នេះនឹងចាប់ផ្តើមការដ្ឋានតែម្តង។


សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងប៉ុន្មានមេជាប់ៗគ្នាធ្វើឱ្យទឹកលិចផ្លូវជាតិលេខ៤ ត្រង់ចំណុច រង្វង់មូលចោមចៅទី៣ មុខព្រលានយន្ដហោះពោធិ៍ចិនតុង ត្រូវបានលិចលង់ស្ទើរចរាចរណ៍មិនកើត ក្រោយពីព្រលានយន្ដហោះនេះត្រូវបានឈប់ដំណើរការហោះហើរនោះមក៕

ដោយ សួស សំរិត





