ឯកឧត្តម ម៉ាង ស៊ីណេត ជួបសំណេះសំណាលជាមួយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាពជំនាញ អាជីវករ ពាណិជ្ជករក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។


ឯកឧត្តម ម៉ាង ស៊ីណេត បានមានប្រសាសន៍ស្វាគមន៍ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនអាជីវករ ពាណិជ្ជករខេត្តព្រះសីហនុ ជាពិសេសចង់ដឹងពីដំណើរការអាជីវកម្ម មានការលំបាកយ៉ាងណា ហើយចូលរួមគ្នាដោះស្រាយជាមួយគ្នា ហើយសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការរួមគ្នាគាំទ្រផលិតផលរបស់ខ្មែរ យើងរួមគ្នាផលិតប្រកបដោយនិរន្តរភាព យើងត្រូវពង្រឹងសមត្ថ ភាពក្នុងការផលិតផលក្នុងស្រុករបស់យើង រួមគ្នាគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីជំនួសផលិតផលនាំចូលពីបរទេស ទន្ទឹមនោះបំផុសឪ្យបងប្អូនអាជីវករសហការចូលរួមទាំងអស់គ្នាបង្កើតនូវផលិតផលថ្មីៗជំនួសផលិតផលនាំចូលពីបរទេស ស្របទៅតាមគំរូប្លង់ គោលរបស់រដ្ឋបាលខេត្ត ហើយនៅទីនេះយើងបើកចំហរក្នុងការចូលរួមពិភាក្សាដោះស្រាយទាំងអស់គ្នា ដើម្បីភាពជោគជ័យក្នុងការជីវកម្ម។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំដល់បងប្អូនអាជីវករក្នុងខេត្តព្រះសីហនុ ត្រូវចុះបញ្ជីពាណិជ្ជកម្ម និងកំណត់ស្លាកយីហោរបស់ខ្លួនដោយមានការទទួលស្គាល់ពីមន្ទីរ ក្រសួងពាក់ព័ន្ធ ដើម្បីឱ្យផលិតផលរបស់យើងដាក់ចូលក្នុងទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារនាំចេញទៅក្រៅប្រទេស ប្រសិនបើផលិតផលយើងមិនមានស្លាកយីហោត្រឹមត្រូវនោះទេ ការដាក់តាំងលក់នៅលើទីផ្សារមិនទទួលបានលទ្ធផលល្អនោះទេ ហើយផ្សារទំនើបទំនើបនៅក្នុងក្រុងព្រះសីហនុ ក៏បានសន្យាទទួលយកផលិតផលរបស់ បងប្អូនយកមកដាក់តាំងលក់ក្នុងផ្សាររបស់គាត់ផងដែរ៕
ដោយ ងូ សុមុនី





