ប្រជាពលរដ្ឋវិលត្រឡប់មកពីប្រទេសថៃទទួលអំណោយមនុស្សធម៌ និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
AKP ព្រះសីហនុ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានធ្វើរបាយការណ៍សង្ខេប ស្តីពីពលករខ្មែរ វិលត្រឡប់មកពីប្រទេសថៃនាពេលនេះ មានចំនួន ៦៦នាក់ ស្រី ២៧នាក់ ស្មើនឹង ៣០គ្រួសារ មកពីឃុំចំនួន៩ ក្នុងស្រុកព្រៃនប់ ក្នុងនោះ ឃុំជើងគោមានចំនួន ១១នាក់ តានៃ ៩នាក់ ទឹកថ្លា ១នាក់ ទឹកល្អក់ ៧នាក់ ទួលទទឹង ១៨នាក់ វាលរេញ ២នាក់ សាមគ្គី ១០នាក់ សំរុង ៤នាក់ និងឃុំអណ្តូងថ្ម ៤នាក់។ នេះជាការសំណេះសំណាលជាមួយពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ លើកទី៣។ លើកទី១ មានពលករចំនួន៣៦នាក់ ស្រី១៨នាក់ ស្មើ១៣គ្រួសារ លើកទី២ មានចំនួន៤៦នាក់ ស្រី២៨នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជា ពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ សូមឪ្យ បងប្អូនពលករទាំងអស់ងាកមកធ្វើការងារនៅស្រុកយើងវិញ ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ព្រោះការងារនៅកម្ពុជាមានជាច្រើនកន្លែង ជាពិសេសការងារនៅខេត្តព្រះសីហនុរបស់យើងមានការងារជាច្រើននៅរង់ចាំបងប្អូន ព្រោះការទៅធ្វើការងារធ្វើនៅប្រទេសជិតខាង ប្រាក់ខែក៏មិនបានច្រើនជាងនៅកម្ពុជានោះដែរ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ទៅលើធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ទន្ទឹមនោះរាជរដ្ឋាភិបាលបានយកចិត្តទុក ដាក់ទៅលើសុខមាលភាពប្រជាពលរដ្ឋ ពិសេសស្រ្តីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឪ្យបាន ៤ដងមុនពេលសម្រាល ក្រោយសម្រាលរហូតកុមារមានអាយុពីរឆ្នាំត្រូវទៅពិនិត្យសុខភាពចំនួន ១០ដងទៀត ហើយការទៅពិនិត្យផ្ទៃពោះរហូតដល់កុមារមានអាយុពីរឆ្នាំនិងទទួលបានថវិកាពីរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតគោលនយោ បាយប្រាក់សោធមនិវត្តន៍ គឺបណ្ណ ប.ស.ស សម្រាប់កម្មករ និយោជិក នៅពេលដែលចូលនិវត្តន៍យើងនឹងទទួលបានអត្ថប្រយោជន៍ពីបណ្ណ ប.ស.ស ពីរាជរដ្ឋាភិបាលដូចមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

ឯកឧត្តម ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រោមម្លប់នៃសន្កិភាព យើងមានសន្តិភាពពេញផ្ទៃក្នុងប្រទេស ធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិមានការកើនឡើង ហើយការវិលត្រឡប់របស់បងប្អូនពលករខ្មែរមកកាន់ស្រុកកំណើតវិញនេះ ដោយសារតែការឈ្លានពានពីភាគីថៃ មកលើកម្ពុជា ក៏ប៉ុន្តែរាជរដ្ឋាភិ បាលកម្ពុជា មិនចង់មានសង្គ្រាមនោះទេ គឺចង់បានព្រំដែនមួយមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងព្រំដែនមានការអភិវឌ្ឍ។

សម្ភារផ្ដល់ជូនពលករចំនួន៦៦នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ កន្ទេល១ ស្បែកជើង ១គូ នុំសណ្តែកដី ១កញ្ចប់ ឃីត១កញ្ចប់ (មុង១ ភួយ១ ក្រាមា១ សារុង១) និងថវិកាចំនួន១០ម៉ឺនរៀល៕
ដោយ ងូ សុមុនី





