កិច្ចប្រជុំសាមញ្ញលើកទី១៦របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤
AKP កំពង់ឆ្នាំង ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍នៅក្នុងកម្មវិធីបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានអង្គភាពជុំវិញខេត្ត និង អភិបាលក្រុងស្រុកទាំង៨ផងដែរ។

ក្នុងឱកាសនោះ លោក អម សុភា អភិបាលរងខេត្ដកំពង់ឆ្នាំង បានអានខ្លឹមសាររបៀបវារៈរួមមាន៖ ១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤។ ២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែតុលា និងទិសដៅបន្ត។ ៣.របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញានិងទិសដៅការងារសម្រាប់អនុវត្តបន្តរបស់រដ្ឋបាលខេត្ត។ ៤.ប្រតិទិន រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ឆ្នាំ២០២៥ និង៥. បញ្ហាផ្សេង ៗ ។

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និង ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់តាមទីសាធារណ: និងនៅតាមមូលដ្ឋានដើម្បីទទួលបាននូវសុខសុវត្ថិភាព ផ្សាភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមប្រធានបានបន្តថា សមាជិកក្រុមប្រឹក្សាទាំងអស់មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ត្រូវគិតគូជាចម្បងចូលរួមជាមួយរដ្ឋបាលខេត្តជួយបឧបត្ថម្ភជា ថវិកា សម្ភារប្រើប្រាស់ សម្ភារបរិក្ខាពេទ្យ គ្រឿងទេស ថ្នាំមូស និងគ្រឿងឧបភោគបរិភោគផ្សេងៗ តាមលទ្ធភាព ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តម ការពារបូរណភាពទឹកដី។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបញ្ជាក់ទៀតថា តាមរយៈកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកសមាជិកា លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់បានបង្ហាញឲ្យឃើញថា ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី១៦របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលល្អតាមការគ្រោងទុក៕
ដោយ បៃ ស៊ីថុន





