ជើងឯកថ្នាក់ជាតិកីឡាវ៉ូវីណាមមានអត្តពលិកចូលរួមកើនឡើង ខណៈអាជ្ញាកណ្តាល ចៅក្រមកាន់តែមានវិជ្ជាជីវៈខ្ពស់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥--ការប្រកួតកីឡាវ៉ូវីណាម ជើងឯកជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាយធិច ឆ្នាំ២០២៥បានបិទបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៣ថ្ងៃ ខណៈថ្នាក់ដឹកនាំសហព័ន្ធបានលើកបង្ហាញព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះមានការចូលរួមពីកីឡាករ កីឡាការិនីកើនឡើងច្រើនជាងឆ្នាំមុន រីឯចៅក្រម អាជ្ញាកណ្តាលកាន់តែមានវិជ្ជាជីវៈខ្ពស់ ប្រកាន់ខ្ជាប់នូវតម្លាភាព និងសុក្រិត្យភាព ។

ឯកឧត្តម ម៉ុង គីមហេង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានកិត្តិយស សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំការប្រកួតនេះឡើងដោយទទួលបានលទ្ធផលល្អ និងជោគជ័យ ជាមួយនឹងការចូលរួមយ៉ាងសំខាន់ពីវិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យកីឡានេះ បន្ថែមពីលើអ្វីដែលក្រសួងអប់រំ យុវជន និង កីឡា បានខិតខំជួយដល់សហព័ន្ធកីឡាជាតិនាពេលកន្លងមករហូតដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានគូសបញ្ជាក់ថា ឆ្លងតាមរបាយការណ៍របស់មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីបានខិតខំប្រឹងប្រែងប្រកួតដោយឈរលើស្មារតីកីឡា និងអនុវត្តបទបញ្ជាការប្រកួត ច្បាប់ល្បែងបានត្រឹមត្រូវនិងមានក្រមសីលធម៌ខ្ពស់។ លើសពីនេះទៅទៀត ក្លឹបដែលបានចូលរួមមានចំនួន ១១ក្លឹប ដោយមានចូលរួមពីប្រតិភូ ៣២នាក់ និងកីឡាករ កីឡាការិនី ៩៥នាក់ (កីឡាការិនីចំនួន ៤០នាក់)។ ចំនួន កីឡាករ កីឡាការិនី និងក្លឹប ដែលបានចូលរួមប្រកួតនាឆ្នាំនេះ ពិតជាបង្ហាញនូវចំណុចវិជ្ជមាន សម្រាប់ប្រភេទកីឡាវ៉ូវីណាម ឆ្ពោះទៅថ្ងៃអនាគត។

ឯកឧត្តម អ៊ូ រតនា សង្កត់ធ្ងន់ថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាកំពុងត្រៀមបញ្ជូនកីឡាករ កីឡាការិនីទៅប្រកួតជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៥ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី០១-០៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ម្យ៉ាងវិញទៀត សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក៏បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតជើងឯកអាស៊ី ឆ្នាំ២០២៦ ផងដែរ។

បើតាមឯកឧត្តម លី ចាន់សុភក្តី អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានជម្រាបជូនថា ការប្រកួត នេះមានការចូលរួមពីបណ្តាក្លឹបនៃក្រសួង ស្ថាប័ន រាជធានី-ខេត្ត ចំនួន១១ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន ១២៧ នាក់ ការប្រកួតចែកជា៣កំរិត មាន២៦ វិញ្ញាសា រួមមានវិញ្ញាសាមេគុនមានចំនួន ១៩ និងវិញ្ញាសាប្រយុទ្ធ មានចំនួន ១១ ប្រភេទទម្ងន់។ ព្រឹត្តិការណ៍ឆ្នាំនេះបានកើន៥ក្លឹប និងកីឡាករ កីឡាការិនីកើនឡើង ៤២នាក់ បើធៀបនឹងឆ្នាំមុន។ ក្រោយពីបញ្ចប់ការប្រកួតទាំង៣ថ្ងៃនេះ សហព័ន្ធសម្លឹងឃើញ កីឡាករ កីឡាការិនីថ្មីៗ ដែលមានបច្ចេកទេស ទេពកោសល្យ និងមានសមត្ថភាពខ្ពស់មានស្មារតីអង់អាចក្លាហាន ដែលអាចប្រកួតប្រជែងនៅកម្រិតជាតិ និងអន្តរជាតិ។ ចៅក្រម អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេសរៀបចំការប្រកួត ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំការប្រកួតនានា ជាពិសេស ការប្រកួតជើងឯកពិភពលោកលើកទី៨ នាខែវិច្ឆិកា ឆ្នាំ២០២៥ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាខាងមុខ។

គួរបញ្ជាក់ថា លទ្ធផលនៃការប្រកួតរួមមាន៖ ក្រសួងការពារជាតិគ្រងតំណែងជើងឯក ដោយដណ្តើមបានមេដាយមាស ៩ មេដាយប្រាក់ ៥ និងមេដាយសំរឹទ្ធ ១ ក្រសួងមហាផ្ទៃ ជើងឯករង មេដាយមាស ៨ មេដាយប្រាក់ ៧ និងមេដាយសំរឹទ្ធ ៣ ខេត្តសៀមរាប ឈរលេខ៣ មេដាយមាស ៣ មេដាយប្រាក់ ៣ និងមេដាយសំរឹទ្ធ ៥ និងក្លឹបវ៉ូវីណាមសែនសុខ មេដាយមាស ៣ មេដាយប្រាក់ ៣ និងមេដាយសំរឹទ្ធ ១៕
ដោយ ហេង ណាលីន





