ឧត្តមសេនីយ៍ឯក លឹម តុងហួត គូសបញ្ជាក់ថា ផែនការសកម្មភាពជាតិ៥ឆ្នាំ បានចែងពីវិធានការការពារ កុមារម្នាក់ៗ និងក្រុមកុមារ អាចប្រឈមបញ្ហាផ្សេងៗរាប់ទាំងការប្រើប្រាស់គ្រឿងញៀន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥
ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន ផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការធរដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគូសបញ្ជាក់ថា ក្នុងផែនការសកម្មភាពជាតិ៥ឆ្នាំ ស្ដីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារគឺមានចែងពីការចាត់វិធានការបែបប្រតិសកម្មទៅតាមស្ថានភាពជាក់ស្តែង ដើម្បីកាត់បន្ថយកត្តាហានិភ័យដែលកុមារម្នាក់ៗ និងក្រុមកុមារអាចរងកត្តាប្រឈម ក្នុងនោះ រាប់បញ្ចូលពីការប្រើប្រាស់គ្រឿងញៀន បញ្ហាសុខភាពផ្លូវចិត្តផងដែរ។ ការគូសបញ្ជាក់បែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមប្រមាណជាង៣០០ នាក់។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត មានប្រសាសន៍ថា នៅក្នុងផែនការសកម្មភាព៥ឆ្នាំនេះ មានចែងពីការចាត់វិធានការបែបប្រតិសកម្មទៅតាមស្ថានភាពជាក់ស្តែង ដើម្បីកាត់បន្ថយកត្តាហានិភ័យដែលកុមារម្នាក់ៗ និងក្រុមកុមារអាចរងកត្តាប្រឈម ក្នុងនោះ រាប់បញ្ចូលពីការប្រើប្រាស់គ្រឿងញៀន បញ្ហាសុខភាពផ្លូវចិត្ត និងការផ្តាច់ខ្លួនពីសង្គម ព្រមទាំងកត្តាហានិភ័យគ្រួសារ ដូចជា ភាពក្រីក្រ ភាពគ្មានការងារធ្វើ និងការរើសអើង កុមារដែលមានការប្រឈមខ្ពស់និងស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះ ។

ឯកឧត្ដម ឧត្តមសេនីយ៍ឯកបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអំពើហិង្សាលើកុមារជាការងារអាទិភាពមួយដែលគ្រប់ ក្រសួង ស្ថាប័ន វិស័យឯកជន និងសង្គមស៊ីវិលត្រូវចូលរួមអនុវត្តន៍ ក្នុងការទប់ស្កាត់និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ «កាត់បន្ថយគ្រប់ទម្រង់ទាំងអស់នៃអំពើហិង្សានិងអត្រាមរណៈ ដែល ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់នៅគ្រប់កន្លែងទាំងអស់» និង «បញ្ចប់ការរំលោភបំពាន អំពើកេងប្រវ័ញ្ច ការជួញដូរ និងអំពើហិង្សាគ្រប់ទម្រង់ព្រមទាំងការធ្វើទារុណកម្មកុមារ» ព្រមទាំង«លុបបំបាត់គ្រប់ទម្រង់ទាំងអស់នៃអំពើហិង្សាលើស្ត្រីនិងកុមារគ្រប់រូបនៅកន្លែងសាធារណៈនិងកន្លែង ឯកជន រាប់បញ្ចូលទាំងការជួញដូរនិងការកេងប្រវ័ញ្ចផ្លូវភេទ ព្រមទាំងការកេងប្រវ័ញក្នុងទម្រង់ដទៃទៀត៕

ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





