នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនបានចាកចេញពីដែនសមុទ្រកម្ពុជាប្រកបដោយសុវត្ថិភាព
AKP ព្រះសីហនុ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥-- បន្ទាប់ពីចូលសំចតបំពេញទស្សនកិច្ចនៅព្រះរាជណាចក្រកម្ពុជា រយៈពេល៥ថ្ងៃរួចមក នៅព្រឹកថ្ងៃអង្គារទី១៤ ខែតុលា ឆ្នាំ២០២៥ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ០២គ្រឿង បានចាកចេញពីដែនសមុទ្រនៃប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព។ ការចូលចតនាវាកាងទ័ពជើងទឹករំដោះប្រជាចិននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងកាន់តែជិតស្និតបន្ថែមទៀតរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ចិន)។

ក្នុងការធ្វើមាតុភូមិនិវត្តរបស់នាវាកងទ័ពរំដោះប្រជាជនចិននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការស្វាគមន៍ពីនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោក ឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយរងសេនាធិការមូលដ្ឋានសមុទ្ររាម។

សូមជម្រាបជូនថា នាវាកងទ័ពជើងទឹករំដោះប្រជាចិន៖ ១- នាវាមានឈ្មោះ QI JIGUANG (PLANS 83) ជាប្រភេទនាវាហ្វឹកហ្វឺន មានបណ្ដោយ 165.3ម៉ែត្រ ទទឹង22.2 ម៉ែត្រ ជម្រៅទឹក 6.8ម៉ែត្រ ទម្ងន់ផ្ទុក 9,000tons ល្បឿន 22 knots ដឹកនាំដោយលោកវរនាវីឯក FENG LIANG មេបញ្ជាការនាវា និង២- នាវាឈ្មោះ YIMENG SHAN (PLANS 988) ជាប្រភេទនាវាបុកច្រាំង មានបណ្ដោយ 210ម៉ែត្រ ទទឹង 28ម៉ែត្រ ជម្រៅទឹក7ម៉ែត្រ ទម្ងន់ផ្ទុក 25,000tons ល្បឿន 25 knots ដឹកនាំដោយលោកវរនាវីឯក NIU ZHIYONG មេបញ្ជាការនាវា ដោយនាវាទាំងពីរមាននាវិកសរុបចំនួន1,207នាក់។


ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា លោកមេបញ្ជាការនាវាកងទ័ពជើងទឹករំដោះប្រជាជនចិន បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ លោកមេបញ្ជាការកងទ័ពជើងហទឹកមូលដ្ឋានសមុទ្ររាម ថ្នាក់ដឹកនាំក្រសួងការពារជាតិ មានកម្មវិធីផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេសរវាងកង ទ័ពជើងទឹកទាំងពីរ ព្រមទាំងមានកម្មវិធីឡេងកីឡាមិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរប្រកបដោយភាពស្និទ្ធស្នាល៕
ដោយ ងូ សុមុនី





