ឯកឧត្តម ហ៊ែល តូនី ដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេសប្រជុំពិគ្រោះយោបល់ស្តីពីការវិភាគសន្តិសុខទឹកនៅអាងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប នៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាបដែលទទួលបន្ទុកសហការរៀបចំកំណត់ក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ អាងបឹងទន្លេសាប នៃកម្មវិធីការអនុវត្តវាយតម្លៃសន្តិសុខទឹក ក្រោមកិច្ចសហប្រតិបត្តិការជំនួយគាំទ្រពីធនាគារពិភពលោក(WB), ICEM, DFAT AWP បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការវិភាគសន្តិសុខទឹកនៅ អាងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំខេត្ត ស្រុកទាំង៨ និងមន្ទីរជំនាញពាក់ពន្ធ័ នាសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ហ៊ែល តូនី បានលើកឡើងថា កិច្ចប្រជុំពិភាក្សានេះមានគោលបំណង៣សំខាន់៖ ទី១. ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ហាញលទ្ធផលនៃរបាយការណ៍ ស្ថានភាពអាងទន្លេសាប ប្រមូលមតិយោបល់ និងសម្របសម្រួលលើវិស័យអាទិភាព ទី២. ប្រមូលការយល់ដឹងពីទីវាលផ្ទាល់ និងធាតុចូលរបស់ភាគីពាក់ព័ន្ធ ដើម្បីជូនដំណឹងពីការវាយតម្លៃ និងការណែនាំ និងទី៣. កំណត់តំបន់ដែលមានបញ្ហាចម្បងៗ (Keys Hotspots) សម្រាប់ធ្វើការវិនិច្ឆ័យសន្តិសុខទឹកក្នុងអាងបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។


សូមជម្រាបជូនថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ក្រុមការងារអាជ្ញាធរទន្លេសាប និងតំណាងធនាគារពិភពលោក(WB) ISEM DFAT AWP ក៏បានចុះទស្សនកិច្ចសិក្សាផ្ទាល់ដល់ទីតាំងជាក់ស្តែងនៅតំបន់ទន្លេសាប នាភូមិសាស្រ្តខេត្តកំពង់ឆ្នាំងផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





