រដ្ឋបាលខេត្តតាកែវរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមរមរតនកោដ្ឋ គម្រប់ខួប១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត
AKP តាកែវ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥--នៅសួនច្បារមាត់បឹងតាកែវស្ថិតនៅក្នុងក្រុងដូនកែវខេត្តតាកែវ បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កាព្រះវិញ្ញាណក្ខន្ធព្រះករុណាសម្ដេចព្រះ នរោត្តម ស៊ីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ខួបគម្រប់១៣ឆ្នាំ(15តុលា2012-15តុលា2025) នៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តតាកែវ អភិបាលរងខេត្តតាកែវ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលអភិបាលរងក្រុងស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងឱ្យដឹងថា ការរៀបចំពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធនេះ ធ្វើឡើងដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់ ពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបានរបស់ប្រជារាស្ត្រខ្មែរចំពោះព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើន សម្រាប់ប្រទេសជាតិនិងប្រជារាស្រ្តរបស់ព្រះអង្គ។ក្នុងនោះព្រះអង្គបានទាមទារបានឯករាជ្យទាំងស្រុង ពីអាណានិគមនិយមបារាំងនិងការទាមទារនូវប្រាសាទព្រះវិហារខ្មែរមកវិញពីប្រទេសសៀម ព្រមទាំងការបង្រួបបង្រួមផ្សះផ្សាជាតិ និងបានកសាងសមិទ្ធផលធំៗជាច្រើនទៀត។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ទូលព្រះបង្គំជាកូន ជាចៅ ចៅទួតពិតជាចងចាំមិនអាចបំភ្លេចបាននូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមវិសេសវិសាល របស់ព្រះមហាវីរក្សត្រ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ។ដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាយើង មានសុខសន្តិភាពនិងកាអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៍បន្ថែមថា គំរូវីរភាពរបស់ព្រះមហាវីរក្សត្រ នឹងធ្វើឱ្យយើងជាប្រជារាស្រ្តចងចាំជានិច្ចហើយនឹងយកគម្រូតាម។ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជានុរាស្រ្ត មានជីវភាពកាន់តែល្អប្រសើរឡើង៕

ដោយ អ៊ុច សៀង





