ផ្ទះថ្មី០១ខ្នងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែនត្រូវបានប្រគល់ជូនអតីតយុទ្ធជននៅស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥-- ផ្ទះថ្មី០១ខ្នងទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក រនាបក្រាលក្តារជញ្ជាំងស្មាតប៊ត ដំបូលប្រក់ស័ង្កសីកិនភ្លី មានតសំយ៉ាបផ្ទះបាយប្រវែងង៣ម៉ែត្រខាងក្រោយព្រមទាំងបង្គន់អនាម័យ០១ខ្នងដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ បានសាងសង់រួចរាល់ និងត្រូវបានប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានដីគ្មានផ្ទះរស់នៅ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ។

លោក លន់ យ៉េន ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត ស្រុកសណ្ដាន់ បានបញ្ជាក់ថា លោក ឡាច សុខា អាយុ៦១ ឆ្នាំ បានចូលបម្រើក្នុងអង្គភាពនគរបាលស្រុកសណ្ដាន់ខេត្តកំពង់ធំ កាលពីឆ្នាំ ១៩៨៤ ហើយត្រូវបានក្រសួងមហាផ្ទៃដាក់ឱ្យចូលនិវត្តន៍នៅឆ្នាំ២០១៦។ លោកមានភរិយាឈ្មោះឈុំ គឹមស្រៀង អាយុ៥៨ ឆ្នាំ មានសមាជិកគ្រួសារនៅក្នុងបន្ទុកចំនួន ៧ នាក់ មានដី តែគ្មានផ្ទះរស់នៅពិតប្រាកដ ដោយកន្លងមករូបគាត់និងភរិយា និងកូនពៅម្នាក់ធ្វើកម្មករចម្ការកៅស៊ូ ហើយស្នាក់នៅជាមួយក្រុមហ៊ុន។ ដោយឡែកកូនរបស់គាត់ពីរនាក់ទៀតទៅធ្វើកម្មករនៅទីក្រុងភ្នំពេញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយទទួលបានរបាយការណ៍ពីថ្នាក់ដឹកនាំសមាគមអតីយុទ្ធជននិងអាជ្ញាធរនៅមូលដ្ឋាន និងដោយមើលឃើញពីការលំបាកនេះ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ បានស្នើសុំការអនុញ្ញាតពីសម្ដេចតេជោហ៊ុន សែនប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ អ.ន.ក ដើម្បីសម្រេចការសាងសង់ផ្ទះជូនដល់ក្រុមគ្រួសារ លោក ឡាច សុខា ដែលត្រូវបានប្រគល់ជូនដើម្បីរស់នៅបានសមរម្យ និងជាកម្មសិទ្ធិសម្រាប់ជាប្រយោជន៍ដល់កូនចៅតទៅ។ នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមគ្រួសារលោកឡាច សុខា សម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ។


លោក ឡាច សុខា និងភរិយា បាទសូមគោរពថ្លែងអំណរគុណជាទីបំផុតមិនអាចបំភ្លេចបានចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី ដែលបានសាងសង់ផ្ទះថ្មីជូនដល់ក្រុមគ្រួសាររបស់គាត់បានរស់នៅសមរម្យនៅថ្ងៃនេះ និងសូមគោរពជូនពរសម្ដេចតេជោហ៊ុន សែន និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននៅសុខភាពល្អ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងបន្ថែមទៀត៕
ដោយ ស៊ុម វណ្ណា





