ថ្នាក់ដឹកនាំសហព័ន្ធលើកទម្ងន់លើកទឹកចិត្តឱ្យអត្តពលិក ប្រឹងប្រែងប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥--ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា និងឯកឧត្តម វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានជួបសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីលើកទម្ងន់៦នាក់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មុនចេញដំណើរចូលរួមប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន។

ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធលើកទម្ងន់កម្ពុជាបានជំរុញឱ្យគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីលើកទម្ងន់ទំាងអស់ត្រូវរក្សាវិន័យឱ្យបានល្អ និងខិតខំប្រឹងប្រែងប្រកួតឱ្យពីសមត្ថភាព ដើម្បីដណ្តើមជ័យលាភីជូនសហព័ន្ធ និងប្រទេសជាតិ។ នេះជាការប្រកួតអន្តរជាតិកម្រិតខ្ពស់ខ្លាំងជាងការប្រកួតកីឡា ស៊ីហ្គេម ទៅទៀត ដូច្នេះឯកឧត្តមប្រធានបានលើកទឹកចិត្តដល់អត្តពលិកវ័យក្មេងទាំងអស់ត្រូវប្រកួតឱ្យអស់ពីសមត្ថភាព ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ។

ឯកឧត្តម តែម ម៉ឺន បន្ថែមថា ការប្រកួតកម្រិតយុវជនអាស៊ី រៀងរាល់៤ឆ្នាំម្តងនេះ គឺជាឱកាសរបស់កីឡាករកីឡាការិនី និងគ្រូបង្វឹកបានដកពិសោធន៍បន្ថែមក្នុងការប្រកួតនេះ ដើម្បីវាស់ស្ទង់ពីកម្រិតបច្ចេកទេសរបស់ពួកគាត់ ឈានទៅសម្រេចគោលដៅក្នុងប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ និងចក្ខុវិស័យក្នុងដំណើរឆ្ពោះមកធ្វើម្ចាស់ផ្ទះបន្តវេននៅកម្ពុជា កីឡាយុវជនអាស៊ី លើកទី៤ នាឆ្នាំ២០២៩ខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមក វ៉ា ស៊ិនភីរម្យ បានមានប្រសាសន៍ដែរថា នេះជាឱកាសសម្រាប់កីឡាករ កីឡាការិនីលើកទម្ងន់បញ្ចេញសា្នដៃលើឆាកអន្តរជាតិ ដោយកីឡាករ កីឡាការិនីលើកទម្ងន់កម្ពុជាបានហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំ។ ស្នាដៃដែលកីឡាករកីឡាការិនីទទួលបាន គឺដើម្បីកិត្តិយសខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ និងសង្គមជាតិ។ សហហព័ន្ធគ្រាន់តែជាផ្នែកមួយក្នុងការបណ្តុះបណ្តាល ចាត់ចែង និងពង្រឹងសម្ថតិភាពតែប៉ុណ្ណោះ ដូចនេះកីឡាករកីឡាការិនីរបស់យើងត្រូវប្រឹងប្រែងយកចិត្តទុកដាក់ប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមយកជ័យលាភីជូនជាតិមាតុភូមិ។

គួរបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលលើកទឹកចិត្តដ៏មានសារៈសំខាន់មួយនេះ ឯកឧត្តម តែម ម៉ឺន បានប្រកាសតែងតាំងឯកឧត្តម វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអគ្គលេខាធិការរងក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទឱ្យទទួលតួនាទីជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ក្នុងការជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សហព័ន្ធក៏បានឧត្ថម្ភថវិកាលើកទឹកជូនដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ៦នាក់ ក្នុងម្នាក់ៗ ៤០ ម៉ឺនរៀល និងឯកឧត្តម វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តបន្ថែមជូនដល់គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកទាំង៦នាក់ផងដែរ៕
ដោយ ហេង ណាលីន





