ការប្រកួតកីឡាទ្រីយ៉ាត្លុង ជើងឯកថ្នាក់ជាតិរកឃើញជ័យលាភីទាំង៨វិញ្ញាសា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥--ការប្រកួតកីឡាទីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោបានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាប្រើប្រាស់កញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមដោយលោកជំទាវ ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធតំណាងលោកឧកញ៉ា គង់ រិទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងបានគូសបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ គណៈកម្មការបច្ចេកទេសបានសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើ៨វិញ្ញាសា ដោយកីឡាករ កីឡាការិនីទាំងអស់បានចូលរួមប្រកួតប្រឹងប្រែងអស់ពីសមត្ថភាពជាមួយនឹងការមើលឃើញពីសិទ្ធផលល្អៗគួរឱ្យកត់សម្គាល់។ ការប្រកួតឆ្នាំនេះខុសប្លែកពីរៀងរាល់ឆ្នាំដោយផ្លាស់ប្តូរពីការប្រកួតនៅសាល នៅតំបន់សមុទ្រនៃខេត្តកែប មកពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ស្របតាមការអភិវឌ្ឍរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងអន្តរជាតិ។

លោក ងិន សុខបញ្ជា បានសង្កត់ធ្ងន់ថា តាមរយៈការប្រកួតដ៏ធំប្រចាំឆ្នាំនេះបានរកឃើញម្ចាស់ជ័យលាភីទាំង៨វិញ្ញាសា ក្នុងនោះមានវិញ្ញាសាក្រោម១៤ឆ្នាំ ដែលសហព័ន្ធមានផែនការចម្បង ក្នុងការសម្រួចគុណភាពបច្ចេកទេសពួកគេឆ្ពោះទៅកាន់ការប្រកួតអន្តរជាតិ នាថ្ងៃអនាគត។ ការប្រកួតឆ្នាំនេះមានក្លឹបចូលរួមចំនួន៧ ដោយមានកីឡាករ កីឡាការិនីជាង ៩០នាក់។

លោកអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងបានបន្តថា សហព័ន្ធបានដាក់វិញ្ញាសាប្រកួតមានចំនួន ៨ដូចជាវិញ្ញាសាអាគ័តត្លុងង បុរស-នារី (ហែលទឹក ៥០០ម៉ែត្រ +រត់ប្រណាំង ២,៥គ.ម) វិញ្ញាសាឌូអាត្លុង បុរស-នារី (រត់ប្រណាំង ២ គ.ម + ប្រណាំងកង់ ៨គ.ម + រត់ប្រណាំង ១ គ.ម) វិញ្ញាសាទ្រីយ៉ាត្លុង បុរស-នារី (ហែលទឹក ៣០០ម៉ែត្រ + ប្រណាំងកង់ ៨គ.ម + រត់ប្រណាំង ២គ.ម ) វិញ្ញាសាអាគ័តត្លុង បុរស-នារី U14 (ហែលទឹក ១០០ ម៉ែត្រ +រត់ប្រណាំង ២ គ.ម )។

ក្នុងនាមសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុខបញ្ញា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានជួយគាំទ្រទាំងផ្នែក ស្មារតី បច្ចេកទេស និងហិរញ្ញវត្ថុ មកដល់សហព័ន្ធកីឡាជាតិក៏ដូចជាក្រុមជម្រើសជាតិ។ លោកថ្លែងអំណរគុណជូនដល់ម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ ទោះតិចឬ ច្រើនក្តី ពហុកីឡដ្ឋានជាតិមរតកតេជោបានជួយនិងសហការលើការផ្តល់ទីតាំងប្រកួត គណៈកម្មការរៀបចំការប្រកួតប្អូនៗយុវជនស្ម័គ្រចិត្ត ដោយដំណើរការប្រកួតប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕
ដោយ ហេង ណាលីន





