ក្រុមមន្ទីរអប់រំកំពង់ចាម និងឡាយអ៊ិនឃីងខេត្តសៀមរាប ឈ្នះដូចគ្នាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥--ក្រុមមន្ទីរអប់រំខេត្តកំពង់ចាម និងក្រុមឡាយអ៊ិនឃីងខេត្តសៀមរាបានយកឈ្នះគូប្រកួតរៀងៗខ្លួន ក្នុងជំនួបជើងទី១ កាលពីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។

ក្រុមម្ចាស់ផ្ទះ មន្ទីរអប់រំខេត្តកំពង់ចាមបានយកឈ្នះក្រុមភ្ញៀវ មន្ទីរអប់រំខេត្តកំពង់ស្ពឺ ដោយលទ្ធផល ៣-១ ខណៈក្រមឡាយអ៊ិនឃីងខេត្តសៀមរាបបានយកឈ្នះក្រុមម្ចាស់ផ្ទះ ខេត្តព្រះសីហនុ ដោយលទ្ធផល ៣-២។ ក្រុមឈ្នះៗទាំងពីរក្រុមមានប្រៀបលើគូប្រកួតរៀងៗខ្លួន ដើម្បីត្រៀមឆ្ពោះទៅប្រកួតប្រជែងកាត់សេចក្តីនៅជើងទី២ ដែលគ្រោងធ្វើឡើងនាថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ពេលនេះ ការប្រកួតវគ្គ៨ក្រុមចុងក្រោយបានបញ្ចប់ជើងទី១រួចរាល់ ហើយគូទាំង៤នឹងត្រូវបន្តប្រជែងកាន់តែជក់ចិត្តសម្រាប់ជើងទី២ ដើម្បីស្វែងរក៤ក្រុមខ្លាំងៗ ឡើងទៅប្រកួតនៅវគ្គ១/២ផ្តាច់ព្រ័ត្រ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយ២គូនេះនឹងត្រូវប្រកួតចំនួន២ជើងដូចគ្នា នាថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២៥ សម្រាប់ជើងទី១ ហើយជើងទី២ គ្រោងនឹងធ្វើឡើងនាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥។ ចំពោះការប្រកួតវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ និងប្រកួតផ្តាច់ព្រ័ត្រដណ្តើមជើងឯកថ្នាក់ខេត្ត គ្រោងនឹងធ្វើឡើងនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ជាមួយពិធីបំពាក់មេដាយ ប្រគល់ពានរង្វាន់ថ្នាក់ខេត្ត។

គួរបញ្ជាក់ថា ក្រុមខ្លាំងៗថ្នាក់ខេត្តនឹងត្រូវឆ្លងកាត់ការប្រកួតជម្រុះ (Play-Off) ដើម្បីស្វែងរកបេក្ខភាពក្រុមជ័យលាភីឡើងទៅប្រកួតនៅថ្នាក់ជាតិ (១៦ក្រុមថ្នាក់ជាតិ) ជាមួយនឹងក្រុមឈរជើងទាំង១១ ក្នុងក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ ឬហៅថា លីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦៕
ដោយ ហេង ណាលីន (រូបភាព៖ Hun Sen Cup)





