ជើងឯកថ្នាក់ជាតិហែលទឹក និងហែលទឹកពាក់ជើងទាបញ្ចប់ដោយជោគជ័យ ខណៈកីឡាករ កីឡាការិនីមួយចំនួនបំបែកកំណត់ត្រាថ្មី
AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥--ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥បានដំណើរការរយៈពេល៣ថ្ងៃ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិកបានបិទបញ្ចប់ដោយជោគជ័យ ចុងសប្តាហ៍នេះ ខណៈកីឡាករ កីឡាការិនីមួយចំនួនត្រូវបានមន្ត្រីជំនាញអះអាថា ពួកគាត់ទទួលបានកំណត់ត្រាថិរវេលាថ្មីនៃគុណភាពបច្ចេកទេស។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានជម្រាបជូនថា ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈកិច្ចព្រមព្រៀងស្តីពីការអនុវត្តថវិកា គាំទ្រសម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ ឆ្នាំ២០២៥។ ការប្រកួតនេះមានការចូលរួមប្រកួតពីសមគម-ក្លឹបហែលទឹក ១២ស្ថាប័ន មានកីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១០៤នាក់ (ប្រុស ៦១នាក់ ស្រី ៤៣នាក់) និងគ្រូបង្វឹក គ្រូជំនួយចំនួន ២២នាក់ នឹងមានមន្ត្រីគណៈកម្មការ បច្ចេកទេសចំនួន ៥៥នាក់ ចូលរួមដឹកនាំកាត់សេចក្តីក្នុងការប្រកួត។ សម្រាប់ការប្រកួតនេះ ប្រភេទកីឡាហែលទឹក មាន ១៤វិញ្ញាសា (កីឡាករចំនួន ០៩វិញ្ញាសា និងកីឡា-ការិនីចំនួន ០៥វិញ្ញាសា) និងប្រភេទកីឡាហែលទឹកពាក់ជើងទា មាន ០៨វិញ្ញាសា (កីឡាករចំនួន ០៤វិញ្ញាសា និងកីឡាការិនីចំនួន ០៤វិញ្ញាសា)។

លោក ហែម គីរី បានគូសបញ្ជាក់ទៀតថា សម្រាប់ការរៀបចំការប្រកួតនេះ គឺប្រើប្រាស់ថវិកាឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា លើការងារ រៀបចំការប្រកួត ៤៥% តាមរយៈកិច្ចព្រមព្រៀងស្តីពីការអនុវត្តថវិកាគាំទ្រសម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធ កីឡាជាតិ ឆ្នាំ២០២៥។ តាមរួយៈព្រឹត្តិការណ៍ថ្នាក់ជាតិមួយនេះ គឺជាការប្រកួតមួយដែលផ្តល់លទ្ធភាពឱ្យសហព័ន្ធអាចជ្រើសរើសកីឡាករ កីឡាការិនីជម្រើសជាតិប្រចាំឆ្នាំ ដោយកីឡាករ កីឡាការិនីមួយចំនួនទទួលបានថិរៈវេលាថ្មីសម្រាប់ពួកគាត់។ កីឡាករ កីឡាការិនីបានខិតខំប្រឹងប្រែងក្នុងការប្រកួតប្រជែងអស់ពីសមត្ថភាព កីឡាករ កីឡាការិនីគោរពតាមបទបញ្ជានៃការប្រកួតយ៉ាងត្រឹមត្រូវ។

ចំពោះលទ្ធផលជ័យលាភីរួមមាន៖ ក្លឹបក្រសួងសាធារណការ និងដឹកជញ្ជូនឈរនៅចំណាត់ថ្នាក់លេខ១ មេដាយ ១៩ គ្រឿង (មាស ៨ ប្រាក់ ៣ និងសំរឹទ្ធ ៤) ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ មេដាយ១៨ គ្រឿង (មាស ៧ ប្រាក់ ៥ និងសំរឹទ្ធ ៦) សមាគមហែលទឹកក្រសួងមហាផ្ទៃ ឈរលេខ៣ មេដាយ ១២គ្រឿង (មាស ៣ ប្រាក់ ៦ និងសំរឹទ្ធ ៣) សមាគមហែលទឹកកងយោធពលខេមរភូមិន្ទ ឈរលេខ៤ មេដាយ ១០ គ្រឿង (មាស ២ ប្រាក់ ៣ និងសំរឹទ្ធ ៥ ខណៈក្លឹបហែលទឹកក្រសួងព័ត៌មាន ឈរលេខ៥ ដណ្តើមបានមេដាយសរុប ៣គ្រឿង (មាស ២ និងមេដាយប្រាក់ ១គ្រឿង។ ចំពោះ៣ក្លឹបទៀតទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ១ រីឯ៤ក្លឹបទៀតមិនទទួលបានមេដាយសោះ។

សម្រាប់ពិធីបំពាក់មេដាយទទួលបានកិត្តិយសអញ្ជើញចូលរួមពីឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធាន សហព័ន្ធខ្មែរកីឡាហែលទឹក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ព្រមទាំងតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕

ដោយ ហេង ណាលីន





